ប្រទេសតួកគីបានបញ្ជាក់កាលពីថ្ងៃសុក្រថារដ្ឋមន្ត្រីការបរទេសរបស់ខ្លួននឹងជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅក្នុងប្រទេសកាតានៅថ្ងៃសៅរ៍នេះអំពីសង្គ្រាមស៊ីវិលដែលកំពុងរាលដាលឡើងនៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan «នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...សម្រាប់ការប្រជុំមួយនៅក្រោមដំណើរការក្រុងអាស្តាណា (Astana Process)» នៅក្រៅកិច្ចប្រជុំរបស់វេទិកាក្រុងដូហា (Doha Forum)»។ នេះបើយោងតាមប្រភពមួយរបស់ក្រសួងការបរទេសតួកគី។
ដំណើរការក្រុងអាស្តាណាដែលមានការចូលរួមពីប្រទេសទាំង ៣ នេះត្រូវបានបង្កើតឡើងដោយប្រទេសកាហ្សាក់ស្ថាននៅក្នុងឆ្នាំ ២០១៧ ក្នុងបំណងស្វែងរកដំណោះស្រាយនយោបាយចំពោះសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ដែលបានឆាបឆេះឡើងម្ដងទៀតបន្ទាប់ពីមានការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមអ៊ិស្លាមក្នុងពេលមួយសប្ដាហ៍កន្លងមកនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីមុនថាជំនួបនេះត្រូវគេរំពឹងថានឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំរបស់វេទិកាក្រុងដូហារវាងប្រទេសតួកគីនិងប្រទេសអ៊ីរ៉ង់និងរុស្ស៊ី។ តួកគីគឺជាអ្នកគាំទ្រក្រុមឧទ្ទាមនោះមួយចំនួន ចំណែកឯអ៊ីរ៉ង់និងរុស្ស៊ីវិញគឺជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី។
ប្រទេសកាតាដែលបានផ្ដល់ការគាំទ្រដំបូងដល់ក្រុមឧទ្ទាមបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានបំបែកការបះបោរសន្តិវិធីនៅក្នុងឆ្នាំ ២០១១ មក នៅតែជាអ្នករិះគន់ខ្លាំងក្លាដដែលចំពោះលោក Assad ប៉ុន្តែបានអំពាវនាវឱ្យមានការចរចាបញ្ចប់សង្គ្រាមនេះ។
ប្រទេសតួកគីមានព្រំដែនជាង ៩០០ គីឡូម៉ែត្រជាប់ប្រទេសស៊ីរី ហើយនៅពេលបច្ចុប្បន្ននេះ ជនភៀសខ្លួនស៊ីរីប្រហែល ៣ លាននាក់កំពុងរស់នៅក្នុងប្រទេសនេះ៕