ប្រទេសតួកគីបានធ្វើការវាយប្រហារតាមអាកាសនៅពេលយប់កាន់តែខ្លាំងឡើងប្រឆាំងនឹងពួកឧទ្ទាមជនជាតិភាគតិចKurds នេះតាមការបញ្ជាក់របស់ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តីនៅថ្ងៃពុធនេះ ខណៈដែលសភារបស់ប្រទេសនោះ បានប្រុងប្រៀបបើកសម័យប្រជុំពិសេស ដើម្បីជជែកដេញដោលពីយុទ្ធនាការរបស់កងទ័ពទៅលើពួកអ្នកប្រយុទ្ធ និងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងទៅលើទីកន្លែងរបស់គណបក្សពលករ Kurds ចំនួន៦កន្លែងក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសតួកគី និងតំបន់ខាងជើងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍ក៏បានប្រាប់ឲ្យដឹងដែរថា ពួកអាជ្ញាធរបានឃុំខ្លួនមនុស្សជាង១.៣០០ នាក់នៅក្នុងប្រទេសតួកគី ពាក់ព័ន្ធនឹងការវាយឆ្មក់ប្រឆាំងនឹងគណបក្សពលករ Turks (PKK) ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម និងពួកជនសកម្មប្រយុទ្ធផ្សេងៗទៀត។
មុនពេលប្រជុំសភា លោក Selahattin Demirtasមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន ដែលលម្អៀងទៅខាងជនជាតិ Kurds បានអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់។
ប្រធានាធិបតី Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា តួកគីនឹងមិនដកថយនៅក្នុងអ្វីដែលលោកបានហៅថា ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនោះទេ។
សេចក្តីអត្ថាធិប្បាយរបស់លោកបានកើតមានឡើងនៅថ្ងៃតែមួយ ដែលអង្គការអូតង់ បានបើកសម័យប្រជុំពិសេស ហើយបានចេញសេចក្តីថ្លែងការណ៍មួយដែលថ្កោលទោសការវាយប្រហារភេរវកម្មទៅលើតួកគី និងបានសន្យាសាមគ្គីជាមួយប្រទេសនោះ៕