ការផ្ទុះគ្រាប់បែកនៅប្រទេសតួកគីក្នុងសប្តាហ៍នេះកំពុងតែបង្កឲ្យជម្លោះរវាងរដ្ឋាភិបាលតួកគីនិងក្រុមផ្តាច់ខ្លួនKurd កាន់តែមានភាពខ្លាំងក្លាជាងមុន។ វាក៏បានចោទសំណួរអំពីថាតើនរណាដែលសហរដ្ឋអាមេរិកកំពុងតែគាំទ្រនៅក្នុងជម្លោះក្នុងប្រទេសស៊ីរីនិងគោលបំណងរបស់សហរដ្ឋអាមេរិកផងដែរ។
ក្រុមអ្នកវិភាគបានព្រមានទៅលើការវាយប្រហារនានាដែលអាចបង្កឲ្យកងកម្លាំងតួកគីក្នុងប្រទេសស៊ីរីកាន់តែពាក់ព័ន្ធខ្លាំងជាងមុននៅក្នុងជម្លោះនោះនិងធ្វើឲ្យទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកកាន់តែដុនដាបជាងមុន។
ការវាយប្រហារដ៏ធំបំផុត ដែលជាការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅរដ្ឋធានីអង់ការ៉ាក្នុងប្រទេសតួកគីកាលពីថ្ងៃពុធនោះ បានធ្វើឲ្យលោកប្រធានាធិបតី Recep Tayyip Erdogan ដែលបានបន្ទោសទៅលើក្រុមផ្តាច់ខ្លួនKurd និងអ្នកគាំទ្រពីខាងក្រៅរបស់ពួកគេគឺពួកស៊ីរីមានការខឹងសម្បារ និងសន្យាថានឹងសងសឹកវិញ។
លោក Erdogan បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍មួយថា «ថ្វីដ្បិតតែអ្នកដែលដឹកនាំក្រុម PYD និងក្រុម PKK និយាយថា មិនមានការពាក់ព័ន្ធនឹងការវាយប្រហារទាំងនោះក្តី ផ្អែកលើព័ត៌មានដែលទទួលបានពីក្រសួងមហាផ្ទៃនិងទីភ្នាក់ងារស៊ើបការសម្ងាត់ ការវាយប្រហារទាំងនោះគឺជា ស្នាដៃរបស់ពួកគេ»។
កងកម្លាំងតួកគីបានស្ថិតក្នុងសង្រ្គាមជាមួយនឹងក្រុម PKK អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ចាប់តាំងពីឆ្នាំមុនប៉ែកអាគ្នេយ៍នៃប្រទេសតួកគីបានក្លាយទៅជាសមរភូមិ ដោយសារតែលោក Erdogan បានធ្វើការបង្រ្កាបទៅលើក្រុមផ្តាច់ខ្លួន Kurd បន្ទាប់ពីបទឈប់បាញ់ដ៏ងាយនឹងប្រេះឆាបានបរាជ័យ៕