តួកគីស្នើសុំ​សហភាពអឺរ៉ុបបន្ថែម៣ពាន់លានដុល្លារដើម្បីជួយទប់ស្កាត់លំហូរ​ចំណាកស្រុក

ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ព្រំដែន​ប្រទេស​ក្រិក​-ម៉ាសេដូនី នៅ​ថ្ងៃ​ទី​៥​ ខែ​មិនា​ ឆ្នាំ​២០១៦។​

លោក​ប្រធាន​សភា​អឺរ៉ុប​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​រដ្ឋាភិបាល​ក្រុង​ Ankara ចង់​ឱ្យ​សហភាព​អឺរ៉ុប​បង្កើន​ជំនួយ​ទ្វេ​ដង​ដែល​ខ្លួន​ផ្តល់​ឱ្យ​ប្រទេស​តួកគី​ ដើម្បីសម្រាល​វិបត្តិ​ជនចំណាក​ស្រុក​។

នៅ​ពេល​ដែល​ក្រុម​អ្នកតំណាង​សហភាព​អឺរ៉ុប​ពិភាក្សា​វិបត្តិ​នេះ​ជាមួយសមភាគី​ តួកគី​ នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​ក្រុង​ព្រុចសែល (Brussels) ហើយ​មនុស្ស​រាប់​ពាន់​នាក់​នៅ​ជាប់​គាំង​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ក្រិក​និង​ប្រទេស​ម៉ាសេដូនី​ (Macedoine) ​លោក​ Martin Schulz ប្រធាន​សភាអឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​តួកគី​បាន​សុំ​ជំនួយ​ចំនួន​៣​៣០០លាន​ដុល្លារ​ថែម​ទៀត​សម្រាប់​ជួយ​ទប់​នឹង​លំហូរជន​ចំណាកស្រុក​ទៅ​ក្នុង​ទ្វីបនេះ។

កាល​ពី​ខែ​វិច្ឆិកា​មុន​ សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ផ្តល់​ប្រាក់​៣៣០០​លាន​ដុល្លារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ Ankara ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិជនភៀសខ្លួន។

ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters រាយ​ការណ៍​ថា​ សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​មួយ​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​តួកគី​អំពី​ទេសន្តរប្រវេសន៍​និយាយ​ថា​ ប្រទេស​តួកគី​ នឹង​យល់ព្រម​យក​ទៅ​វិញ​ជា​បណ្តោះ​អាសន្ន​នូវ​ «​ជន​ចំណាកស្រុក​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទាំងអស់» ដែល​បាន​ទៅ​ដល់​កោះ​នៃ​ប្រទេស​ក្រិក​ពី​ប្រទេស​តួកគី​។​ជា​ថ្នូរ​ សហភាព​អឺរ៉ុប​នឹង​លុប​ចោល​ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​តួកគី​សុំ​ទិដ្ឋាការ​មិន​ឱ្យ​ហួស​ពី​ដំណាច់​ខែ​មិថុនា​ទេ​ ហើយ​នឹង​ពន្លឿន​ដំណើរ​ការ​នៃ​ការ​បើក​ឱ្យ​ប្រទេស​តួកគី​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។​

ប្រទេស​នានា​ចាប់​តាំង​ពី​ប្រទេស​ម៉ាសេដូនី​នៅ​ភាគ​ខាង​ជើង​បាន​បិទ​ព្រំដែន​របស់​ពួក​គេ​ ដោយ​រារាំង​ក្រុម​មនុស្ស​ដែល​ភាគ​ច្រើន​មកពី​ប្រទេស​ស៊ីរី​ អាហ្វហ្គានីស្ថាន​ និង​ប្រទេស​អ៊ីរ៉ាក់​មិន​ឱ្យ​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​ជាតិ​នានា​ក្នុង​តំបន់​ Scandinavie។

ការ​ហូរ​ចូល​នៃ​មនុស្ស​ជិត​មួយ​លាន​នាក់​ ដែល​បាន​ទៅ​ដល់​តាម​សមុទ្រ​ក្នុង​ប្រទេសក្រិក​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥​ បាន​ធ្វើ​ឱ្យ​ក្រុម​មេដឹកនាំ​អឺរ៉ុប​និយាយ​បញ្ចុះ​បញ្ចូល​ប្រទេស​តួកគី​ កុំ​បើក​ឱ្យ​ពួក​ជន​ចំណាក​ស្រុក​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ទទួល​យក​ទៅ​វិញ​នូវ​មនុស្ស​រាប់​ពាន់​នាក់​ ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​សហភាព​អឺរ៉ុប។​

ប្រទេស​តួកគី​ ដែល​បាន​ទទួល​ជនភៀស​ខ្លួន​ជាង​២.៧០០.០០០ ​នាក់​មក​ពី​ប្រទេស​ស៊ីរី​ ក៏​ដូចជា​ប្រទេស​ជាតិ​អឺរ៉ុប​និង​ប្រទេស​ជិត​ខាង​ស៊ីរី​ដែរ ​បាន​តស៊ូ​ក្នុង​ការ​ទទួល​បន្ទុក​ផ្តល់​សេវាកម្ម​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នេះ។

កាល​ពី​ថ្ងៃ​អាទិត្យ​អង្គការ​អូតង់​បាន​ប្រកាស​ថា​ ខ្លួន​បញ្ជូន​នាវា​ទៅ​កាន់​សមុទ្រ​ Aegean ដើម្បី​ជួយ​ប្រទេស​ក្រិក​និងប្រទេស​តួកគី​ «ដោះស្រាយ​ការ​ជួញ​ដូរ​មនុស្ស​និង​បណ្តាញ​ឧក្រិដ្ឋជន​ដែល​បាន​បញ្ឆេះ​បញ្ហា​នេះ»។

ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ ខ្លួន​បញ្ជូន​កប៉ាល់​ជា​ផ្នែក​នៃ​កង​កម្លាំង​របស់​អង្គការ​អូតង់៕​