ប្រធានាធិបតី​ទុយនីស៊ី​ប្រកាស​ស្ថានភាព​មាន​អាសន្ន​ក្រោយ​ពី​ការ​ផ្ទុះ​ដែល​សម្លាប់​មនុស្ស​​១២នាក់

ឡានក្រុង​ដែល​​បាន​ផ្ទុះ​កាល​ពី​ថ្ងៃអង្គារ​នៅ​ទីក្រុង​ទុយនីស។ ប្រធានាធិបតី​ទុយនីស៊ី ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន​រយៈ​ពេល​៣០​ថ្ងៃនៅ​ទូទាំង​ប្រទេស និង​ដាក់​បម្រាមគោចរណ៍​នា​ពេល​ពាក់​កណ្តាល​អធ្រាត្រ​នៅ​ក្នុង​ទីក្រុង​ទុយនីស។

ប្រធានាធិបតី​ទុយនីស៊ី ​លោក​ Beji Caid Essebsi នឹង​ធ្វើការ​ប្រជុំ​ជា​បន្ទាន់​មួយនៅ​ថ្ងៃ​ពុធ​នេះ ជាមួយ​នឹង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​លោក មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ផ្ទុះ​មួយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២នាក់​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ។

ការ​ផ្ទុះ​នោះ​បាន​ត្រូវ​ចំ​រថយន្ត​ក្រុង​មួយ​គ្រឿង​ ដែល​កំពុង​ដឹក​កងសន្តិសុខ​ប្រធានាធិបតី​នៅ​លើ​មហាវិថី​មួយ​ ដែល​មាន​ដើមឈើ​ដុះ​អម​សងខាង ក្នុង​ទីក្រុង​ទុយនីស។ ប្រភព​ពី​ភ្នាក់ងារ​សន្តិសុខ​និង​ការិយាល័យ​ប្រធានាធិបតី​បាន​និយាយ​ថា ការផ្ទុះ​នោះ​គឺ​ជា​ការ​វាយ​ប្រហារ​មួយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ ថាតើ​ការ​ផ្ទុះ​នោះ​បណ្តាល​មកពី​ការ​បង្កប់​គ្រាប់​បែក ឬ​ក៏​ពាក់​ព័ន្ធ​នឹង​សារធាតុ​ផ្ទុះ​ណា​មួយ​ដែល​គេ​បាញ់​សំដៅ​ទៅលើ​ឡាន​ក្រុងនោះ។

លោក ​Essebsi​ បាន​ប្រកាស​ស្ថានភាព​មាន​អាសន្ន​រយៈពេល​៣០​ថ្ងៃ នៅក្នុង​ប្រទេស​ទុយនីស៊ី ហើយ​ទីក្រុង​ទុយនី​ត្រូវ​ស្ថិត​នៅក្នុង​ប​ម្រាម​គោចរណ៍នៅ​ពេល​ពាក់​កណ្តាល​យប់។

ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​លោក Essebsi ​បាន​និយាយ​ថា ប្រទេស​ទុយនីស៊ី​កំពុង​ «ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ភេរវកម្ម» ​ហើយ​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម ​ដែល​បាន​បើក​ការវាយ​ប្រហារ​ដ៏​ផ្តាច់​ផ្តិល​ជីវិតជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍​កន្លង​មក​នេះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ​Ban Ki-moon ​និង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោសចំពោះ​ការ​វាយ​ប្រហារ​នោះ ហើយ​បាន​សម្តែង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​ទុយនីស៊ី៕