សហជីពដ៏មានអំណាចនៅប្រទេសទុយនីស៊ីបានវាយប្រហាររបៀបវារៈនយោបាយនិងសេដ្ឋកិច្ចរបស់ប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ទី៣ ខែធ្នូ រួមទាំងការបោះឆ្នោតនៅខែនេះ ដោយនិយាយថា ពួកគេលែងទទួលយកអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ នៅក្នុងការតតាំងយ៉ាងច្បាស់មួយប្រឆាំងនឹងប្រធានាធិបតី។
សហជីព UGTT និយាយថា ពួកគេមានសមាជិកជាងមួយលាននាក់ និងបានបង្ហាញថា ពួកគេមានលទ្ធភាពបង្អាក់សេដ្ឋកិច្ចដោយការធ្វើកូដកម្ម។ សហជីពនេះធ្លាប់បានគាំទ្រលោកប្រធានាធិបតី Kais Saied បន្ទាប់ពីលោកចូលកាន់តំណែងកាលពីឆ្នាំមុន ប៉ុន្តែនៅពេលខ្លះបានបង្ហាញការជំទាស់យ៉ាងខ្លាំងផងដែរ។
មេដឹកនាំសហជីព UGTT លោក Noureddine Taboubi បានថ្លែងក្នុងសុន្ទរកថាមួយទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ថា៖ «យើងលែងទទួលស្គាល់មាគ៌ាដឹកនាំបច្ចុប្បន្ន ដោយសារតែភាពមិនច្បាស់លាស់ និងការដឹកនាំដោយបុគ្គល និងភាពភ្ញាក់ផ្អើលដែលមិនអាចទទួលយកបានដែលថ្នាក់ដឹកនាំលាក់បាំង ហើយការលាក់បាំងនេះធ្វើឱ្យប៉ះពាល់ដល់ជោគវាសនា និងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសជាតិ»។
នៅក្នុងការរិះគន់យ៉ាងខ្លាំងបំផុតទៅលើប្រធានាធិបតី លោក Taboubi បានបន្ថែមថា៖ «យើងនឹងមិនស្ទាក់ស្ទើរក្នុងការការពារសិទ្ធិនិងសេរីភាព មិនថាយ៉ាងណានោះទេ»។
លោក Saied បានរំសាយចោលសភាជ្រើសតាំងដោយការបោះឆ្នោតកាលពីឆ្នាំមុន និងបានងាកទៅដឹកនាំដោយវិក្រឹត្យការ មុនពេលតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានអនុម័តនៅរដូវក្តៅឆ្នាំនេះ នៅក្នុងការធ្វើប្រជាមតិមួយ ដែលមិនមានអ្នកចូលរួមច្រើន ដោយបើកឱកាសឲ្យមានការបោះឆ្នោតសម្រាប់នីតិកាលនៅថ្ងៃទី១៧ ខែធ្នូ។
គណបក្សនយោបាយភាគច្រើនកំពុងធ្វើពហិការការឆ្នោតនេះ ដោយនិយាយថា សភាថ្មីមិនមានអំណាច និងបានទម្លាក់កំហុសលើនីតិវិធីចេញដោយប្រធានាធិបតី ដែលរួមមានការដាក់គណៈកម្មាធិការបោះឆ្នោតក្រោមសមត្ថកិច្ចរបស់លោក។
លោក Taboubi បានលើកឡើងថា ការបោះឆ្នោតនៅខែធ្នូនេះនឹង «មិនមានពណ៌និងរសជាតិ» ជាលទ្ធផលនៃរដ្ឋធម្មនុញ្ញរបស់លោក Saied ហើយការបោះឆ្នោតខ្វះឯកភាពជាតិ។
ក្រុមអ្នករិះគន់ប្រធានាធិបតីបានពណ៌នាចំណាត់ការរបស់លោកប្រធានាធិបតីថាជា រដ្ឋប្រហារមួយ និងបានធ្វើបាតុកម្មតវ៉ាតាមដងផ្លូវជាបន្តបន្ទាប់។ លោក Saied និយាយថា ទង្វើរបស់លោកគឺចាំបាច់ត្រូវធ្វើដើម្បីជួយសង្រ្គោះប្រទេសទុយនីស៊ី។
ទោះបីជាសហជីព UGTT ពីមុនមកធ្លាប់បានបង្ហាញការព្រួយបារម្ភក៏ដោយ ក៏សហជីពនេះមិនបានធ្វើការប្រឆាំងនឹងរបៀបវារៈរបស់លោក Saied ដោយបើកចំហនោះទេ លើកលែងតែកូដកម្មមួយនៅរដូវក្តៅ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលនិងការកាត់បន្ថយការចំណាយតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
សហជីពការងារដ៏មានឥទ្ធិពលនៅទុយនីស៊ីច្រានចោលការបោះឆ្នោតនៅខែធ្នូ និងវាយប្រហាររបៀបវារៈរបស់ប្រធានាធិបតី
រដ្ឋធានីទុយនីស ប្រទេសទុយនីស៊ី —