ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន​សម្រេច​ផ្អាក​យក​ពន្ធ​គយ​បន្ថែម​ទៅ​វិញ​ទៅ​មក

  • Steve Herman

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​លោក​ប្រធានាធិបតី ស៊ី ជីនពីង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ក្នុង​ក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។

លោក Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បានព្រមព្រៀង​គ្នា​ផ្អាក​​ដំឡើង​ពន្ធ​គយ​នាំ​ចូល​រយៈពេល៩០ថ្ងៃ ដើម្បី​ចរចា​គ្នា​បន្ថែម​ទៀត។

ក្នុង​អំឡុង​ពេល​ពិសា​អាហារ​ពេល​ល្ងាច​រយៈពេល ២ ម៉ោង កន្លះ នៅ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ពិភាក្សា​គ្នា​អំពី​ទស្សនៈ​ខ្វែង​គំនិត​គ្នា​របស់​ពួកគេ​លើ​រឿង​ពាណិជ្ជកម្ម ដែល​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​យក​ពន្ធ​គយ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Xi Jinping បាន​កត់​សម្គាល់​ឃើញ​ថា លោក និង​លោក Trump បាន​ជួប​គ្នា​លើក​ចុង​ក្រោយ​យូរ​មក​ហើយ ហើយ «រឿង​ជា​ច្រើន​បាន​កើត​ឡើង»។

លោក Xi Jinping និយាយ​ដូច្នេះ​ថា៖ «មាន​តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ដែល​យើង​អាច​បម្រើ​ដល់​ផល​ប្រយោជន៍​សន្តិភាព និង​វិបុលភាព​ពិភពលោក​បាន»។

លោក Trump ទស្សន៍ទាយ​ថា ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​លោក Xi Jinping នាំ​ឲ្យ​មាន​ដំណោះស្រាយ​មួយ។

លោក Trump ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ក្នុង​ករណី​ខ្លះ យើង​នឹង​ឈាន​ដល់​ការ​ធ្វើ​អ្វី​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​ចិន និង​ល្អ​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក»។

ជំនួប​រវាង​លោក Trump និង​លោក Xi Jinping នៅ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន​នេះ ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ទាក់ទិន​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ផ្អាក​យក​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​នាំ​ចូល​ទៅ​វិញ​ទៅ​មក សម្រាប់​រយៈពេល ៩០ ថ្ងៃ ដែល​នៅ​ក្នុង​អំឡុង​ពេល ៩០ ថ្ងៃ​នេះ មេដឹកនាំ​ទាំង​ពីរ​នឹង​ចរចា​គ្នា។ ចំណុច​មួយ​ទៀត​ដែល​ទទួល​បាន​ពី​ជំនួប​នេះ គឺ​ប្រទេស​ចិន​សន្យា​បង្កើន​ការ​ទិញ​ទំនិញ​ពី​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា