លោក Trump ថា​លោក​នឹង​វាយបក​វិញ​ បើ​បណ្តា​ប្រទេសនានា​ចេញ​ការ​ព្រមាន​ការ​ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក

  • Cindy​ Saine​

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។

ជាច្រើន​ឆ្នាំ​មកនេះ​ ស.រ.អា.​បាន​ចេញ​សេចក្តីណែនាំ​ ការ​ព្រមាន​នានា​ទៅ​ដល់​អ្នក​ដំណើរ​ដែល​អាច​ធ្វើដំណើរ​ទៅ​ប្រទេសមាន​​ជម្លោះ​ប្រដាប់​អាវុធ ក៏ប៉ុន្តែបច្ចុប្បន្ន​ ​ប្រទេស​មួយ​ចំនួន​​បាន​ចេញការ​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើដំណើរ​មក​ស.រ.អា.​ដោយ​សារ​បញ្ហា​អំពើ​ហិង្សា​កាំភ្លើង។

ជាច្រើន​ឆ្នាំ​មកនេះ​ សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីណែនាំ​ ការ​ព្រមាន​នានា​ទៅ​ដល់​អ្នក​ដំណើរ​ដែល​អាច​ធ្វើដំណើរ​ទៅ​ប្រទេស​ដែល​ខេ្ទចខ្ទី​ដោយ​អំពើ​ភេរវកម្ម​ ឬ​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ។ ក៏ប៉ុន្តែ​នាពេលបច្ចុប្បន្ន​ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ Amnesty​ International រដ្ឋាភិបាល​ប្រទេសជប៉ុន​ អ៊ុយរ៉ាហ្គាយ​ និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ចេញការ​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើដំណើរ​មក​សហរដ្ឋ​អាមេរិក​ដោយ​សារ​បញ្ហា​អំពើ​ហិង្សា​កាំភ្លើង។ ការព្រមាន​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​ខ្លាំងៗ​ពី​លោកប្រធានាធិបតី​ Donald Trump។

ខណៈ​មាន​ហេតុការណ៍បាញ់​សម្លាប់​មនុស្ស​កើតឡើង​នៅ​អំឡុងពេល​ប៉ុន្មានៗ​ថ្ងៃជាប់​គ្នា​ ដូចជា​ការបាញ់​នៅ​ឯ​ពិពណ៌​ម្ហូបអាហារ​នៅ​រដ្ឋកាលីហ្វញ៉ា​ ការបាញ់​នៅ​ទីក្រុង El Paso រដ្ឋ​Texas និង​ហេតុការណ៍​បាញ់​មួយ​ទៀត​នៅ​តំបន់​ទីប្រជុំជន​ក្នុងទីក្រុង Dayton រដ្ឋ Ohio បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​មាន​ការភ័យខ្លាច។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ប្រទេសជប៉ុន អ៊ុយរ៉ាហ្គាយ និង​ប្រទេសផ្សេងៗ​ទៀត​បាន​ចេញ​ការព្រមាន​ដល់​ពលរដ្ឋ​របស់​ពួកគេ​អំពី​ការធ្វើដំណើរ​ចូល​មក​សហរដ្ឋអាមេរិក​ ដោយសារ​អំពើ​ហិង្សា​កាំភ្លើង។

ការព្រមាន​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ដល់​លោក​ប្រធានាធិបតី Trump ខឹងសម្បារ។ លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បាន​ថ្លែង​ថា៖ «ខ្ញុំមិន​គិតថា​គេ​ធ្វើ​អ៊ីចឹង​ទេ​ ប៉ុន្តែ​ប្រសិន​បើ​បណ្តា​ប្រទេសនានា​ធ្វើដូច្នេះ​ នោះ​យើង​នឹង​វាយបក​ត្រឡប់​ទៅ​វិញ។ យើង​នឹង​វាយបក​ទៅវិញ​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ខ្ញុំ​ជា​អ្នក​ដឹកនាំ។ នៅពេល​អ្នកណា​ធ្វើ​រឿង​មិន​ល្អ​ដាក់​ប្រទេស​របស់​យើង​ យើង​នឹង​វាយបក​ទៅ​លើ​ពួកគេ​វិញ‍»។

ដោយ​លើកឡើង​អំពី​ហេតុការណ៍​បាញ់សម្លាប់មនុស្ស​នៅក្នុង​វិហារ​សាសនា​គ្រិស្ត​ក្នុង​ទីក្រុង Charleston រដ្ឋ South Carolina កាល​ពី​ឆ្នាំ២០១៥ និង​ហេតុការណ៍​បាញ់​កាំភ្លើង​នៅ​កន្លែងផ្សេង​ទៀត​ អង្គការសិទ្ធិមនុស្ស Amnesty បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន។ អង្គការនេះ​បាន​ចេញ​សេចក្តីថ្លែងការ​តាម​សម្តី​ដើម​ថា​ ត្រូវប្រយ័ត្ន! ជីវិត​មនុស្ស​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការភ័យខ្លាច​ដោយសារ​ការប្រើ​កាំភ្លើង​នៅក្នុង​ប្រទេស​នេះ‍»។ លោក Ernest Coverson មក​ពីអង្គការ Amnesty International បាន​ថ្លែង​ថា៖ «ជនរងគ្រោះ​ទៅវិហារ​គ្រិស្តសាសនា​នៅ​រដ្ឋ South Carolina ដើម្បី​ទៅ​សូត្រធម៌​និង​អធិដ្ឋាន​ ប៉ុន្តែ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​របួស​និង​ស្លាប់។ ដូច​ដែល​យើង​ឃើញ​កាល​ពី​សប្តាហ៍មុន​ ឬ​កាល​ពី​ពីរ​សប្តាហ៍មុន​នៅឯ​ពិធីពិពណ៌​ម្ហូបអាហារ​ ដែល​ជាពិធី​ប្រចាំ​ឆ្នាំនោះ​ ​មនុស្ស​បាន​ទៅ​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ និ​ង​ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ​ ប៉ុន្តែ​ត្រូវ​បាន​រងគ្រោះថ្នាក់​ ហើយ​ឥឡូវ​កន្លែងនេះ​ក្លាយ​ជា​កន្លែង​ដែល​គ្មាន​មនុស្ស​ទៅ​ទៀត​ទេហើយហាង​លក់​ទំនិញ Walmart ក៏​អ៊ីចឹង​ដែរ»។

អ្នកជំនាញ​ផ្សេងទៀត​បាន​លើកឡើង​អំពី​មាត្រា​ទីពីរ​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ដែល​បាន​ចែង​ថា​ សហរដ្ឋអាមេរិក​គឺ​ជា​ប្រទេស​តែមួយ​គត់​ដែល​ធានា​ដល់​សិទ្ធិ​កាន់​អាវុធ។ អ្នកស្រី Amy Swearer មក​ពី​មូលនិធិ Heritage Foundation បាន​ថ្លែង​ថា៖

«ពេលខ្លះ​វា​មាន​ការលំបាក​សម្រាប់​សហគមន៍​អន្តរជាតិ​ ដើម្បី​យល់​អំពី​ភាពខុសគ្នា​នៃ​ការសន្ទនា​នៅ​អាមេរិក​ ដោយសារ​តែ​មាត្រា​ទីពីរ​នៃ​រដ្ឋធម្មនុញ្ញ​និង​ដោយសារ​តែ​ប្រវត្តិសាស្រ្ត​នៃ​ការ​កាន់កាប់​កាំភ្លើង​ដ៏យូរលង់​ណាស់​មក​ហើយ‍»។

ក៏ប៉ុន្តែ​ពលរដ្ឋអាមេរិកាំង​កាន់​តែច្រើន​ឡើង​កំពុង​អំពាវនាវ​ដល់​ក្រុមអ្នកដឹកនាំ​នយោបាយ​របស់​ពួកគេ​ឲ្យ​ការពារ​ពួកគេ​ពី​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​កាំឡើង។

ពលរដ្ឋអាមេរិកាំង​ជិត៤ម៉ឺននាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​អាវុធ​ជា​រៀងរាល់​ឆ្នាំ ហើយ​ករណី​ស្លាប់​ភាគច្រើន​កើតឡើង​ដោយ​ការ​ធ្វើ​ឃាត​ខ្លួនឯង៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា