លោក Trump ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​ជាលើក​ដំបូង ក្រោយ​អាមេរិក​មាន​ការ​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៃ​ជំងឺ​កូវីដ១៩ ចំនួន ៦៦.៥២៨ ករណី

លោក​ប្រធានាធិបតី Donald Trump បាន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ជា​លើក​ដំបូង​បង្អស់ នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​វេជ្ជសាស្ត្រ​យោធា Walter Reed នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២០។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ដ​កើន​ឡើង​ឥត​ឈប់ឈរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទូទាំង​ពិភពលោក។

ឥឡូវ​នេះ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ១២ លាន ៧ សែន ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង​កន្លះ​លាន​ករណី​នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៣ លាន ២ សែន ករណី ដែល​ស្មើ​នឹង​ប្រមាណ ១ ភាគ ៤ នៃ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក ហើយ​ករណី​ស្លាប់​មាន​ចំនួន​ជាង ១ សែន ៣ ម៉ឺន ៤ ពាន់​ករណី។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ដែល​ជា​ថ្ងៃ​ដែល​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦៦.៥២៨ ករណី លោក​ប្រធានាធិបតី Donald Trump បាន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ជា​លើក​ដំបូង​បង្អស់ នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​វេជ្ជសាស្ត្រ​យោធា Walter Reed នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា៖ «នៅ​ពេល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ ខ្ញុំ​គិត​ថា យើង​ចាំបាច់​គួរ​តែ​ពាក់ម៉ាស់»។

លោក Trump ធ្លាប់​ចំអក​ឲ្យ​អ្នក​សារព័ត៌មាន​និង​អ្នក​ដទៃទៀត​ដែល​ពាក់ម៉ាស់។ ការ​ពាក់ម៉ាស់​នេះ​បាន​ជួយ​ដល់​ប្រទេស​ជាច្រើន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។

កាសែត Arizona Republic បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​សប្ដាហ៍​មុន ដែល​សរសេរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ Kristin Urquiza ដែល​ឪពុក​របស់​អ្នកស្រី​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​អត្ថបទ​នោះ អ្នកស្រី Kristin Urquiza បាន​បន្ទោស​អ្នក​នយោបាយ​សហរដ្ឋអាមេរិក និង​កង្វះខាត​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ ដែល​បណ្ដាល​ឲ្យ​ឪពុក​របស់​អ្នកស្រី​ស្លាប់​បាត់បង់​ជីវិត។

អ្នកស្រី Urquiza បាន​សរសេរ​ថា ឪពុក​របស់​អ្នកស្រី​ឈ្មោះ Mark Urquiza ដែល​មាន​វ័យ ៦៥ ឆ្នាំ ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ម៉ិកស៊ិក «បាន​ស្លាប់​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អ្នក​នយោបាយ ដែល​បន្ដ​បង្ក​ហានិភ័យ​ដល់​ជាតិ​សាសន៍ Hispanic តាមរយៈ​កង្វះ​ភាពជាអ្នក​ដឹកនាំ​យ៉ាង​ច្បាស់​ក្រឡែត ការ​បដិសេធ​មិន​ព្រម​ទទួលស្គាល់​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​នេះ ក៏​ដូចជា​បញ្ហា​អសមត្ថភាព និង​ភាព​គ្មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​ការ​ណែនាំ​ឲ្យ​បាន​ច្បាស់លាស់​និង​ប្រកប​ដោយ​ការ​សម្រេច​ចិត្ត​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ជា​អប្បបរមា​នូវ​ហានិភ័យ»។

រដ្ឋ South Carolina បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ចំនួន​ជាង ២.២០០ ករណី​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ខណៈ​ដែល​រដ្ឋ Louisiana បាន​រាយការណ៍​ថា​មាន​ជាង ២.៦០០ ករណី​កាល​ពី​ថ្ងៃ​សុក្រ៕