ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានគំរាមកាលពីថ្ងៃសៅរ៍ថានឹងយកពន្ធរថយន្តរបស់ក្រុមប្រទេសនៅអឺរ៉ុបប្រសិនបើសហភាពអឺរ៉ុបសងសឹកចំពោះផែនការរបស់លោកដែលគ្រោងយកពន្ធលើដែកថែកនិងអាលុយមីញ៉ូមដែលនាំចូល។
នៅក្នុងសារតាមប្រព័ន្ធធ្វីតថឺ (Twitter) កាលពីថ្ងៃសៅរ៍លោកត្រាំបានសរសេរថាសហរដ្ឋអាមេរិកមានអតុល្យភាពសេដ្ឋកិច្ចចំនួន «៨០០ពាន់លានដុល្លាររាល់ឆ្នាំ» ដោយសារតែគោលនយោបាយនិងកិច្ចព្រមព្រៀង«ឆ្កួតខ្លាំង»។ លោកបានព្រមានថាប្រសិនបើសហគមន៍អឺរ៉ុបបង្កើន «របាំងពន្ធ» ប្រឆាំងនឹង ទំនិញផលិតនៅសហរដ្ឋអាមេរិកគឺ «យើងនឹងបន្ថែមពន្ធលើរថយន្តរបស់ពួកគេវិញ»។
នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកយកពន្ធលើរថយន្តដែលផលិតនៅសហភាពអឺរ៉ុបតែចំនួន២,៥ភាគរយទេប៉ុន្តែអឺរ៉ុបយកពន្ធលើរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកដល់ទៅ១០ភាគរយ។
កាលពីដើមសប្តាហ៍មុន លោកត្រាំបានប្រកាសថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខលោកនឹងយកពន្ធដែកថែបនាំចូលចំនួន២៥ភាគរយនិង១០ភាគរយលើអាលុយមីញ៉ូម។ លោកបន្ថែមថាពន្ធនាំចូលនេះនឹងមានរយៈពេលយូរ។
សារតាមប្រព័ន្ធធ្វីតថឺ របស់លោកត្រាំហាក់ដូចជាការឆ្លើយតបនឹងការព្រមានរបស់ប្រធានសហគមន៍អឺរ៉ុបគឺលោកហ្សង់ខ្លូត ចាំងឃឺ (Jean-Claude Juncker) ដែលថាអឺរ៉ុបនឹងឆ្លើយតបវិញដោយយកពន្ធផលិតផលរបស់សហរដ្ឋអាមេរិកដែលមានដូចជាស្រាវីស្គី អាមេរិកាំង និងម៉ូតូធំៗ ជាដើម៕