លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា អ្នកធ្វើការវាយប្រហារជនជាតិ អ៊ូបេគីស្ថាន ដែលបានសម្លាប់មនុស្សកាលពីរសៀលថ្ងៃអង្គារ នៅក្នុងសង្កាត់ Manhattan ទីក្រុង ញូវយ៉ក បានចូលមកកាន់សហរដ្ឋអាមេរិកតាមរយៈកម្មវិធីឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិក។ ក្រោយពីមានការវាយប្រហារនេះ លោក ត្រាំ ថ្លែងថា លោកចង់ធ្វើការជាមួយនឹងសភាអាមេរិកជាបន្ទាន់ដើម្បីលុបចោលនូវកម្មវិធីឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិកមួយនេះ។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារថា «ថ្ងៃនេះ ខ្ញុំចាប់ផ្តើមដំណើរការលុបចោលកម្មវិធីឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិក DV។ ខ្ញុំនឹងស្នើឲ្យសភាអាមេរិកចាប់ផ្តើមធ្វើការជាបន្ទាន់ដើម្បីលុបចោលកម្មវិធីនេះ។ កម្មវិធីឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិក DV នេះ ស្តាប់ទៅល្អណាស់ ប៉ុន្តែវាមិនល្អនោះទេ។ យើងប្រឆាំងនឹងកម្មវិធីនេះ»។
សម្រាប់អ្នកដែលចង់មករស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនមានក្រុមគ្រួសារនៅសហរដ្ឋអាមេរិក ឬគ្មាននិយោជិកឧបត្ថម្ភពួកគេឲ្យនៅអាមេរិក ឬមិនមែនជាជនស្វែងរកសិទ្ធិជ្រកកោននោះ កម្មវិធីឆ្នោត DV គឺជាជម្រើសតែមួយគត់។ កម្មវិធីនេះតម្រូវឲ្យបេក្ខជនដែលមានបំណងចង់ដាក់ពាក្យ ត្រូវមានកម្រិតវប្បធម៌យ៉ាងហោចណាស់ចប់វិទ្យាល័យឬមានបទពិសោធន៍ការងារ២ឬ៣ឆ្នាំ។
ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា ព័ត៌មានអំពីទិដ្ឋាការគឺសម្ងាត់ក្រោមច្បាប់អាមេរិក ហើយថា ពួកគេមិនអាចផ្តល់អត្ថាធិប្បាយអ្វីលើពាក្យសុំទិដ្ឋាការជាក់លាក់ណាមួយឡើយ។
លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភាអាមេរិកដែលបានរៀបចំច្បាប់ដើម្បីកម្មវិធីឆ្នោតផ្សងសំណាងនេះកាលពីទសវត្សរ៍១៩៩០ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា «ខ្ញុំតែងតែជឿនិងបន្តជឿថា អន្តោប្រវេសន៍ល្អសម្រាប់អាមេរិក»។ លោកបានស្នើថា លោក ត្រាំ គួរតែផ្តោតទៅលើស្ថានភាពជាក់ស្តែងនៃការផ្តល់ថវិកាគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលនឹងត្រូវកាត់បន្ថយ យោងតាមសំណើថវិកាចុងក្រោយបង្អស់ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលរបស់លោកជំនួសវិញ៕