ទីប្រឹក្សា​សន្តិសុខ​ថា​លោក​ត្រាំ​ចង់​បាន​ជម្រើស​ក្នុង​ការ​បញ្ចប់​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង

រូបឯកសារ៖ នាវា​ចម្បាំង​​ផ្ទុក​យន្តហោះ​ Carl Vinson របស់​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំឈ្មោះ​ថា Foale Eagle ជាមួយ​កូរ៉េ​ខាង​ត្បូង នៅ​ឆ្នេរ​នៃ​ទីក្រុង Busan ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពីខែ​មីនា។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​ផ្តល់​ជម្រើស​ដល់​លោក​ចំពោះ​ការ​ដក​ចេញ​នូវ​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​ទីប្រឹក្សា​ជាន់​ខ្ពស់​គឺ​លោក​ H.R. McMaster ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ។ ​

ខណៈ​ដែល​កងទ័ព​វាយ​ប្រហារ​តាម​ជើង​ទឹក​របស់​អាមេរិក​មួយ​ក្រុម​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ដើម្បី​ផ្ញើ​ជា​សារ​មួយ​ដល់​កូរ៉េខាង​ជើង​នោះ ​លោក ​McMaster​ ​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ Fox News ថា៖ «នេះ​គឺ​ជា​របប​ទុច្ចរិត​ដែល​ឥឡូវ​នេះ​ក្លាយ​ជា​របប​មួយ​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ»។

​លោក​ McMaster បាន​ពណ៌នា​សេចក្តី​សម្រេច​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បញ្ជូន​នាវា​ពិឃាដ Carl Vinson ទៅ​ការពារ​ផល​ប្រយោជន៍​របស់​អាមេរិក​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ថា​ជា​រឿង​មួយ​ដែល​សំខាន់។ លោក​បាន​និយាយ​ថា ​លោក ត្រាំ​ និង​ប្រធានាធិបតី​ចិន​ លោក ​ស៊ី ជីនពីង ​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​ក្នុង​រដ្ឋ ​Florida​ កាល​ពី​សប្តាហ៍​មុន​ថា ​អាកប្បកិរិយា​បង្ក​រឿង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ​

ប្រធានាធិបតី​កាល​ពី​មុន ​និង​លោក​ប្រធានាធិបតី​បច្ចុប្បន្ន ដូណាល់ ត្រាំ​ បាន​ព្រម​ព្រៀង​គ្នា​ថា ​រឿង​នេះ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​អ្វី​ដែល​ត្រូវ​កើតឡើង​គឺ​ការ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ៕