លោក Trump ចង់​ឃើញ​សេវា​ប៉ុស្ដិ៍​ប្រៃសណីយ៍​លឿន​ជាង​សព្វ​ថ្ងៃ

ប៉ុស្តិ៍​ប្រៃសណីយ៍​មួយ​នៅ​ក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ថ្ងៃ​ទី ១៤ ខែសីហា ឆ្នាំ​២០២០។

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​ចង់​ឃើញ​សេវា​ប៉ុស្តិ៍​ប្រៃសណីយ៍​របស់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​លឿន​ជាង​មុន ទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ត្រៀម​បោះឆ្នោត​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ទប់ស្កាត់​ការ​ផ្លាស់ប្ដូរ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍ ដែល​ពួកគេ​លើក​ឡើង​ថា [ការ​ផ្លាស់ប្ដូរ​នេះ] អាច​រារាំង​ដល់​ដំណើរការ​នៃ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ ដែល​គេ​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ក៏​ដោយ។

លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន​មុន​ពេល​លោក​ចាកចេញ​ទៅ​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Minnesota និង រដ្ឋ Wisconsin ថា៖ «ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​គ្រប់​គ្នា​ពន្លឿន​សេវា​ប្រៃសណីយ៍ មិន​មែន​ពន្យឺត​វា​នោះ​ទេ»។

លោក Trump បាន​និយាយ​កាល​ពី​សប្ដាហ៍មុន​ថា លោក​ប្រឆាំង​នឹង​សំណើ​ថវិកា​ថ្មី​ចំនួន ២៨ ពាន់​លាន​ដុល្លារ​សម្រាប់​ប៉ុស្តិ៍​ប្រៃសណីយ៍ ដែល​មួយ​ចំណែក​នៃ​ថវិកា​នេះ​នឹង​ប្រើ​សម្រាប់​ការ​ប្រមូល​សន្លឹក​ឆ្នោត ដែល​គេ​រំពឹង​ថា​នឹង​មាន​រហូត​ដល់​រាប់​លាន​សន្លឹក ដោយ​សារ​តែ​អ្នក​បោះឆ្នោត​មិន​ទៅ​បោះឆ្នោត​ដោយ​ផ្ទាល់​នៅ​តាម​ការិយាល័យ​បោះឆ្នោត ព្រោះ​បារម្ភ​ពី​ការ​ឆ្លងរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ លោក Trump បាន​បញ្ជាក់​ដោយ​គ្មាន​ភស្តុតាង​ថា ការ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​របស់​រដ្ឋ​នានា​ទៅ​ឲ្យ​អ្នក​បោះឆ្នោត​នឹង​បណ្ដាលឲ្យ​មាន​ការលួច​បន្លំ និង​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ប្រឆាំង​នឹង​រូប​លោក។

កាល​ពី​ថ្ងៃ​អាទិត្យ ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​កោះ​ហៅ​សមាជិក​រដ្ឋសភា​ឲ្យ​មក​បោះឆ្នោត​លើ​ថវិកា​សម្រាប់​ប៉ុស្តិ៍​ប្រៃសណីយ៍ និង​ស្ដារ​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​កែប្រែ​ដោយ​អគ្គនាយក​ប្រៃសណីយ៍​លោក Louis DeJoy ដែល​គណបក្ស​ប្រជាធិបតេយ្យ​អះអាង​ថា​អាច​នឹង​រាំងស្ទះ​ដល់​ការ​បញ្ជូន​សន្លឹក​ឆ្នោត​មក​ការិយាល័យ​បោះ​ឆ្នោត​ឲ្យ​ទាន់​ពេល​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃទី៣ ខែ​វិច្ឆិកា​ខាង​មុខ៕