លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា សភានឹងចាត់វិធានការដើម្បីការពារជនអន្តោប្រវេសន៍ក្មេងៗគ្មានក្រដាសស្នាមចំនួន៨សែននាក់កុំឲ្យបញ្ជូនទៅកាន់ប្រទេសខ្លួនវិញ ទោះបី លោកប្រធានាធិបតីបានចាត់វិធានការដើម្បីបញ្ចប់កម្មវិធីដែលរក្សាពួកគេកុំឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនក៏ដោយ។
នៅពេលសួរនៅសេតវិមានថាតើលោកប្រធានាធិបតីមានទំនុកចិត្តថា សភានឹងធ្វើអ្វីៗដើម្បីការពារជនអន្តោប្រវេសន៍ លោកប្រធានាធិបតីត្រាំនិយាយថា «ខ្ញុំសង្ឃឹមថា សភានឹងការពារ។ ខ្ញុំសង្ឃឹមយ៉ាងប្រាកដថា ពួកគេនឹងការពារ»។ ជនអន្តោប្រវេសន៍ក្មេងៗទាំងនោះ បានចូលក្នុងសហរដ្ឋអាមេរិកខុសច្បាប់ជាមួយឪពុកម្តាយរបស់ខ្លួនជាច្រើនឆ្នាំមកហើយ។
លោកប្រធានាធិបតីត្រាំបានទទួលរងការរឹះគន់យ៉ាងខ្លាំងដោយពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋខ្លះ រួមជាមួយពួកមេដឹកនាំពាណិជ្ជកម្មខ្លះរបស់សហរដ្ឋអាមេរិកចំពោះការរំលាយកម្មវិធីជួយកូន ក្មេងដែលមកដល់សហរដ្ឋអាមេរិកជាមួយឪពុកម្តាយខុសច្បាប់ដែលបានបង្កើតឡើងដោយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាសម្រាប់ជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមដែលបានទុកពួកគេនៅក្នុងសហរដ្ឋអាមេរិកដើម្បីសិក្សា ធ្វើការងារនិងបម្រើនៅក្នុងកងទ័ពសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីត្រាំបានផ្តល់ពេល៦ខែឲ្យសភាដើម្បីបោះឆ្នោតលើបញ្ហានេះហើយបាននិយាយថា លោកនឹងពិនិត្យមើលឡើងវិញនូវការសម្រេចរបស់លោកដើម្បីលុបចោលបម្រាមស្តីពីការនិរទេសកូនក្មេងទាំងនោះទៅកាន់ប្រទេសវិញ ប្រសិនបើ សភាមិនបានចាត់វិធានការ។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងនៅឡើយថា តើសភាដោះស្រាយបញ្ហានោះយ៉ាងដូចម្តេចទេ ហើយប្រធានាធិបតីត្រាំមិនបានច្រានចោលពីសេចក្តីលម្អិតអ្វីដែលលោកចង់បាននៅសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍នោះទេ៕