ថ្លែងពីទីលានវាយកូនហ្គោល របស់លោកក្នុងរដ្ឋ New Jersey លោក Trump បាននិយាយថាការរំលោភបំពានប្រើប្រាស់ថ្នាំញៀនក្នុងប្រទេសនេះ បានកើនឡើងបួនដងក្នុងរយៈពេលពីរទសវត្សរ៍នេះ ស្របពេលដែលកិច្ចខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រើប្រាស់នេះបានចុះថមថយ។ លោកបានសន្យាថា នឹងចាត់វិធានការប្រយុទ្ធនឹងបញ្ហាដ៏ធំមួយនេះ រួមទាំងការបន្ថែមទោសធ្ងន់ជាងមុនសម្រាប់បទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀន ពង្រឹងការត្រួតពិនិត្យបន្ថែមទៀតនៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដែលជាកន្លែងសម្បូរទៅដោយការរត់ពន្ធថ្នាំញៀនចូលក្នុងប្រទេស ក៏ដូចជាការប្រើប្រាស់ឱសថ និងការទប់ស្កាត់ការញៀនថ្នាំផងដែរ។
អង្គុយអមដោយភរិយារបស់លោក លោកស្រី Malenia និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាសុខភាពពលរដ្ឋ លោក Tom Price លោកTrump បានប្រាប់ក្រុមអ្នកសារពត៌មានថា ការរីករាលដាលនៃការប្រើប្រាស់ថ្នាំញៀនបានគំរាមកំហែងដល់ពលរដ្ឋអាមេរិកាំងគ្រប់ជាន់ថ្នាក់។
លោក Trumpថ្លែងថា៖ «ការប្រើប្រាស់ថ្នាំលើសកម្រិត ជាមូលហេតុនាំមុខគេនៃការស្លាប់ដោយគ្រោះថ្នាក់នៅសហរដ្ឋអាមេរិក។ ការស្លាប់ដោយសារការប្រើប្រាស់ថ្នាំញៀន Opioidហួសកម្រិតបានកើនឡើងជិតបួនដង ចាប់តាំងពីឆ្នាំ១៩៩៩មក ហើយវាគឺជាបញ្ហាមួយដែលយើងមិនដែលបានឃើញពីមុនមក»។
លោក Trump បានស្តីបន្ទោសរដ្ឋបាលអាណត្តិមុន ចំពោះវិបត្តិនេះ ដោយលោកបាននិយាយថា ការកាត់ទោសរបស់សហព័ន្ធទៅលើឧក្រិដ្ឋកម្មគ្រឿងញៀនបានថយចុះ២៣ភាគរយ ក្នុងរវាងឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ខណៈរយៈពេលនៃការកាត់ទោសជាមធ្យមសម្រាប់ពិរុទ្ធជនគ្រឿងញៀនសហព័ន្ធត្រូវបានបន្ថយ។ លោកបានសន្យាថានឹងធ្វើវាឲ្យប្រសើរឡើងវិញ។
លោក Trumpថ្លែងថាបន្តទៀតថា៖«យើងកំពុងតែពង្រឹងនៅតាមព្រំដែនភាគខាងត្បូង ជាច្រកនាំចូលគ្រឿងញៀនមកក្នុងប្រទេស។ យើងក៏កំពុងពិភាក្សាជាមួយចិន ដែលជាប្រទេសផលិតថ្នាំញៀនប្រភេទខ្លះផងដែរ។ យើងកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត ហើយយើងកំពុងទទួលបានកិច្ចសហប្រតិបត្តិការនេះ»។
យោងតាមការសិក្សាពីការរីករាលដាលនេះ គណៈកម្មការមួយកាលពីសប្តាហ៍មុន បានជំរុញឲ្យលោកប្រធានាធិបតីប្រកាសពីកិច្ចការបន្ទាន់របស់ប្រទេសជាតិដើម្បីប្រឆាំងនឹងការរំលាភបំពានប្រើប្រាស់គ្រឿងញៀនទាំងនេះ។
លោករដ្ឋមន្រ្តី Price បានថ្លែងថា ពលរដ្ឋអាមេរិកាំងប្រាំម៉ឺនពីរពាន់នាក់ បានស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនលើសកម្រិតក្នុងឆ្នាំ២០១៥ ហើយចំនួននេះកំពុងតែបន្តកើនឡើង។ លោកបានថ្លែងបន្តថាភ្នាក់ងាររបស់លោកនឹងធ្វើកិច្ចការដើម្បីធានាដល់ការព្យាបាល និងដល់អ្នកញៀនថ្នាំទាំងអស់ និងជួយគាំទ្រដល់ការងារស្រាវជ្រាវរិះរកវិធីសាស្ត្រព្យាបាលការឈឺចាប់ដោយមិនប្រើប្រាស់សារធាតុញៀន។ លោករដ្ឋមន្ត្រី Price បានថ្លែងយ៉ាងដូច្នេះថា៖ «វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រនានាដែលយើងបានធ្វើ គឺព្យាយាមផ្សព្វផ្សាយពីផលប៉ះពាល់ និងព្យាយាមបង្ហាញពីគ្រោះថ្នាក់ដោយផ្ទាល់ តាមរយៈការចុះទៅដោយផ្ទាល់នៅតាមរដ្ឋផ្សេងៗ ចុះទៅពិនិត្យនៅតាមសហគមន៍ និងព្យាយាមស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពនានា ដែលត្រូវបានយកមកប្រើប្រាស់នៅទីនោះ តើវិធីសាស្ត្រមួយណាដែលបានផល មួយណាមិនបានផល និយាយទៅកាន់គ្រួសារដែលរងគ្រោះដោយវិបត្តិគ្រឿងញៀន និយាយទៅកាន់ជនរងគ្រោះដែលធ្លាប់ញៀន អំពីវិធីសាស្ត្រដែលធ្វើឲ្យគេបានជាសះស្បើយពីការញៀនបាន។
លោករដ្ឋមន្ត្រី Price បានថ្លែងបន្តទៀតថា វិទ្យាស្ថានជាតិសម្រាប់សុខភាពកំពុងផលិតថ្នាំវ៉ាក់សាំងសម្រាប់ការញៀនថ្នាំ និងថ្មាំបំបាត់ការឈឺចាប់ដែលមិនផ្ទុកសារធាតុញៀន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា