លោកប្រធានាធិបតីអាមេរិក Donald Trump បានប្តេជ្ញាថានឹងលុបបំបាត់ច្បាប់មួយដែលហាមឃាត់ព្រះវិហារសាសនាដែលមិនតម្រូវឲ្យបង់ពន្ធ មិនឲ្យពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ដោយលោកនិយាយថា សេរីភាពសាសនាប្រឈមនឹងការវាយប្រហារ ហើយវិធានការនេះនឹងអនុញ្ញាតឲ្យអ្នកគោរពសាសនានិយាយបញ្ចេញមតិដោយសេរី និងគ្មានការភ័យខ្លាចការពីការធ្វើទោសទណ្ឌអ្វីទាំងអស់។
នៅក្នុងសុន្ទរកថានៅក្នុងពិធីសាសនាប្រចាំឆ្នាំ ហៅថា National Prayer Breakfast ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានមានប្រសាសន៍ថា សិទ្ធិដ៏ពិសិដ្ឋនៃសេរីភាពសាសនាគឺត្រូវបានគំរាមកំហែងនៅជុំវិញពិភពលោក។
លោក ត្រាំ បាននិយាយថា «ហេតុដូច្នេះហើយបានជាខ្ញុំនឹងដកចេញ និងលុបបំបាត់ទាំងស្រុងទៅលើច្បាប់ Johnson Amendment និងអនុញ្ញាតឲ្យអ្នកតំណាងខាងសាសនារបស់យើងបញ្ចេញមតិដោយសេរី និងគ្មានការភ័យខ្លាចអ្វីទាំងអស់។ ខ្ញុំនឹងធ្វើវា។ សូមចងចាំ»។
ច្បាប់នេះត្រូវបានដាក់ឈ្មោះតាមលោកប្រធានាធិបតី Lyndon Johnson ដែលបានជំរុញសំណើនេះនៅពេលដែលលោកធ្វើជាសមាជិកព្រឹទ្ធសភាកាលពីឆ្នាំ១៩៥៤។
លោក Trump បាននិយាយប្រលយពាក្យថា លោកប្រហែលជាអាចចាត់វិធានការនៅពេលថ្លែងសុន្ទរកថាទទួលតំណែងនៅឯមហាសន្និបាតជាតិគណបក្សសាធារណរដ្ឋ៕