បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថាលោកនឹងធ្វើការជាមួយទាំងអ៊ុយក្រែនផងនិងរុស្ស៊ីផងដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ លោកថ្លែងដូច្នេះនៅពេលលោកឈរជិតប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មុនជំនួបរបស់លោកទាំងពីរនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Zelenskyy បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅអគារ Trump Tower ថា លោកចង់ពិភាក្សាជាមួយនឹងលោក Trump អំពី «ផែនការជ័យជម្នះ» សម្រាប់ប្រទេសអ៊ុយក្រែន។
លោក Trump បានសរសើរលោក Zelenskyy ប៉ុន្តែបានបញ្ជាក់ថា លោកក៏មានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។
លោក Trump បាននិយាយថា៖ «យើងមានទំនាក់ទំនងដ៏ល្អបំផុត [ជាមួយលោក Zelenskyy] ហើយដូចដែលអ្នកដឹងហើយ ខ្ញុំក៏មានទំនាក់ទំនងដ៏ល្អបំផុតជាមួយនឹងលោក Putin ផងដែរ»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រសិនបើយើងឈ្នះ [ការបោះឆ្នោតប្រធានាធិបតីអាមេរិក] យើងនឹងដោះស្រាយសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានយ៉ាងឆាប់»។
ជំនួបរបស់លោក Trump ជាមួយនឹងលោក Zelenskyy នេះបានធ្វើឡើងបន្ទាប់ពីលោក Trump បានរិះគន់លោក Zelenskyy នៅពេលលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងបានបង្ហាញឱ្យឃើញថាអ៊ុយក្រែនប្រហែលជាមិនអាចឈ្នះសង្គ្រាមជាមួយនឹងរុស្ស៊ីនេះបានទេ។
លោក Zelenskyy ដែលកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីបានចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានជួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍៕