លោក Trump សន្យា «ធ្វើ​អ្វី​គ្រប់​យ៉ាង» ដើម្បី​ទទួល​បាន​សន្តិភាព​នៅ​មជ្ឈឹម​បូព៌ា

លោក Mahmoud Abbas ប្រធានាធិបតី​ប៉ាឡេស្ទីន និង​លោក Donald Trump ប្រធានាធិបតី​អាមេរិក​ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Bethlehem កាលពី​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ «អ្វី​ទាំង​អស់​ដែល​ខ្ញុំ​អាច​ធ្វើ​បាន» ដើម្បី​នាំ​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា ដែល​ជា​ការ​និយាយ​ជា​ថ្មី​នូវ​មនោសញ្ចេតនា​របស់​ពួក​អ្នក​កាន់​តំណែង​មុន​លោក​ដែល​បាន​ខិតខំ​ព្យាយាម​ហើយ​គ្មាន​ជោគជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​នេះ។

កិច្ច​ខិតខំប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​មាន​ឡើង​នៅ​មុន​នេះ​នៅ​ពេល​ដែល​រដ្ឋបាល Trump ជួប​ប្រទះ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស ដែល​ជា​ផ្នែក​មួយ​បណ្តាល​មក​ពី​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​របស់​លោក​ប្រធានាធិបតី។

លោក Trump បាន​និយាយ​នៅ​ក្រោយ​ជំនួប​មួយ​ម៉ោង​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ក្រុង Bethlehem ជាមួយ​លោក Mahmoud Abbas ប្រធាន​នៃ​អាជ្ញាធរ​ប៉ាឡេស្ទីន​ថា «ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ជាក់​ច្បាស់​ថា​ប្រទេស​អាមេរិក​អាច​ជួយ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ធ្វើ​ឱ្យ​មាន​សន្តិភាព និង​នាំ​ឱ្យ​មាន​សេចក្តី​សង្ឃឹម​ថ្មី​ដល់​តំបន់​នោះ​ និង​ប្រជារាស្ត្រ​នៃ​តំបន់​នោះ»។

លោក Trump បាន​និយាយ​បន្ថែម​ថា លោក​មាន​ជំនឿ​មុតមាំ​ថា «ប្រសិន​បើ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​អាច​ធ្វើ​ឱ្យ​មាន​សន្តិភាព​ ការណ៍​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សន្តិភាព​មួយ​នៅ​ទូទាំង​ភូមិភាគ​មជ្ឈឹម​បូព៌ា ហើយ​ការណ៍​នេះ​ជា​សមិទ្ធិផល​អស្ចារ្យ​មួយ»។

ថ្លែង​នៅ​ជិត​លោក Trump លោក Abbas បាន​មាន​ប្រសាសន៍​ថា ​បញ្ហា​ជា​មូលដ្ឋាន​សម្រាប់​ជនជាតិ​ប៉ាឡេស្ទីន​គឺ​មាន​ជាមួយ​ការ​កាន់កាប់ និង​ការ​តាំង​លំនៅដ្ឋាន​អ៊ីស្រាអែល និង​បរាជ័យ​របស់​អ៊ីស្រាអែល​ក្នុង​ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន៕