លោកប្រធានាធិបតី Donald Trump បានធ្វើដំណើរដោយមិនបានប្រាប់ឱ្យដឹងជាមុនទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធម្សិលមិញ ដើម្បីទៅសួរសុខទុក្ខពួកទាហានស.រ.អា ដែលតាំងទីនៅក្នុងប្រទេសនោះ។
លោក Trump និងភរិយាលោកបានធ្វើដំណើរតាមយន្តហោះទៅដល់មូលដ្ឋានកងទ័ពអាកាស al-Assad ក្នុងប៉ែកខាងលិចនៃប្រទេសអ៊ីរ៉ាក់នៅម៉ោង៧ និង១៦នាទីយប់តាមម៉ោងក្នុងមូលដ្ឋាន។
អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសារតាមគេហទំព័រទ្វីធឺមួយកាលពីរសៀលថ្ងៃពុធថា លោក និងលោកស្រី Trump បានធ្វើដំណើរចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន «កាលពីយប់បុណ្យណូអែលដើម្បីទៅសួរសុខទុក្ខក្រុមទាហានរបស់យើងនិងពួកមេដឹកនាំយោធាជាន់ខ្ពស់ដើម្បីអរគុណពួកគេចំពោះសេវា ជោគជ័យ និងពលីកម្មរបស់ពួកគេ និងដើម្បីប្រសិទ្ធិពរក្នុងបុណ្យណូអែលដល់ពួកគេផងដែរ»។
នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Trump ទៅកាន់តំបន់មានសង្គ្រាមមួយក្នុងឋានៈលោកជាប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងភាពសឹងតែជាការសម្ងាត់។
នៅពេលលោកនិយាយទៅកាន់ក្រុមទាហានអាមេរិកាំង លោក Trump បានការពារសេចក្តីសម្រេចរបស់លោកក្នុងការដកក្រុមទាហានស.រ.អាចេញពីប្រទេសស៊ីរី ដោយលោកបាននិយាយថា ពួករដ្ឋឥស្លាម «ជិតចាញ់ហើយ» ហើយចលនានោះបានរលំបាត់ទៅហើយ។
លោក Trump បាននិយាយដោយប្រើឈ្មោះជនសកម្មប្រយុទ្ធនេះជាអក្សរកាត់ថា «ខ្ញុំបាននិយាយច្បាស់លាស់តាំងពីដើមថាបេសកកម្មរបស់យើងនៅក្នុងប្រទេសស៊ីរីគឺកម្ចាត់សំបុកយោធារបស់ពួក ISIS»។
លោក Trump បាននិយាយដែរថាប្រទេសតួកគីបានយល់ព្រមកម្ចាត់ពួករដ្ឋឥស្លាម «ដែលនៅសេសសល់» ក្នុងតំបន់នោះ៕