លោក ​ត្រាំ ​ជំរុញ​ឲ្យ​សមា​ជិកសភា​ខាង​គណបក្ស​សា​ធារណរដ្ឋ​បោះ​បង់​ចោល​សេចក្តី​ព្រាង​ច្បាប់​អន្តោប្រវេសន៍​នៅ​ពេល​នេះ

លោក​ស្រី Nancy Pelosi ប្រធាន​ក្រុម​ភាគ​តិច​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មានមុន​ពេល​បោះ​ឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ នៅ​វិមាន​កាពីតូល កា​ល​ពី​ថ្ងៃ​ទី​២១ មិថុនា ២០១៨។

កាលពី​ថ្ងៃ​សុក្រ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​និយាយ​ថា ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ត្រូវ​តែ​បោះ​បង់​ចោល​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អន្តោ​ប្រវេសន៍ ​រហូត​ដល់ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ ដោយ​បាន​ស្តីបន្ទោស​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ចំពោះ​ការ​មិន​គាំទ្រ​របស់​ពួក​គេ​ដល់​សេចក្តី​ព្រាង​ច្បាប់​អន្តោ​ប្រវេសន៍​២។

​ប្រធានា​ធិបតី​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ​ជា​បន្ត​បន្ទាប់​ស្តី​ពី​វិបត្តិ​ជន​អន្តោប្រវេសន៍​ដែល​បាន​ធ្វើ​ឲ្យ​វិបត្តិ​ក្នុង​ប្រទេស​ថា៖ «ពួក​គណបក្ស​សាធារ​ណរដ្ឋ​ត្រូវ​តែ​បញ្ឈប់​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​ខ្លួន​ស្តីពី​ជន​អន្តោ​ប្រវេសន៍​រហូត​ក្រោយ​ពី​យើង​បោះ​ឆ្នោត​រើស​សមាជិក​ព្រឹទ្ធសភា​និង​សភា​តំណាង​រាស្រ្ត​កាន់​តែ​ច្រើន​ឡើង​នៅ​ខែ​វិច្ឆិកា។ ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​កំពុង​តែ​លេង​ល្បែង ​មិន​មាន​គោល​បំណងធ្វើ​អ្វីៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ចំណាស់​រាប់​ទសវត្សរ៍​នេះ​ទេ។ ​យើង​អាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​អស្ចារ្យ​នេះ​បន្ទាប់​ពី​គណបក្ស​យើង​ឈ្នះ»។

លោក​ប្រធានា​ធិបតី​ត្រាំ ​នឹង​ពិភាក្សា​បញ្ហា​ជន​អន្តោ​ប្រវេសន៍​នេះ​នៅ​ថ្ងៃ​នេះ​នៅ​សេតវិមាន​ជាមួយ​ក្រុម​គ្រួសារ​ដែល​មាន​សាច់​ញាតិ​ត្រូវ​បានសម្លាប់​ដោយ​មនុស្ស​ដែល​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់។

ការ​អំពាវនាវ​របស់​ប្រធានា​ធិបតី​ត្រាំ​ដល់​សភា​ឲ្យ​ពន្យា​ពេល​ចាត់​វិធានការ​កើត​មានឡើង​នៅ​ពេល​ដែល​មេដឹកនាំ​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​មិន​អាច​ប្រមូល​បាន​ការគាំទ្រ​គ្រប់​គ្រាន់​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​២​ដែល​នឹង​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​ពី​ច្បាប់​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ព្រំដែន៕