នៅពេលមានភាពតានតឹងខ្លាំងរវាងស.រ.អា. និងប្រទេសចិនអំពីការដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងនឹងកាំជ្រួចមីស៊ីលស.រ.អា.នៅក្នុងប្រទេសកូរ៉េខាងត្បូង ពួកអ្នកជំនាញនិយាយថា ស.រ.អា.គួរបញ្ជូនសារច្បាស់លាស់មួយនៅក្នុងជំនួបកំពូលនៅខែក្រោយថាសកម្មភាពរបស់ស.រ.អា.នេះគ្មានបំណងធ្វើឱ្យចិនយល់ឃើញថា ជាសកម្មភាពប៉ងវាយលុកឬគឃ្លើនទេ។
សេចក្តីសម្រេចរួមគ្នារវាងស.រ.អា. និងប្រទេសកូរ៉េខាងត្បូងក្នុងការតម្លើងប្រព័ន្ធប្រឆាំងនឹងកាំជ្រួចមីស៊ីល THAAD នៅលើឧបទ្វីបកូរ៉េមានឡើងកាលពីខែកក្កដានៅក្រោយការបាញ់ពិសោធកាំជ្រួចមីស៊ីលកាលពីឆ្នាំទៅមិញដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប្រទេសចិនបានថ្កោលទោសចំណាត់វិធានការនេះច្រើនដងមកហើយដោយនិយាយទទូចថា រ៉ាដារបស់ប្រព័ន្ធនេះអាចពិនិត្យមើលដែនដីខ្លួន និងឃ្លាំមើលកងយោធាចិនផងដែរ ហើយនៅពេលនេះដែលផ្នែកនានានៃប្រព័ន្ធបាញ់ស្ទាក់កាំជ្រួចមីស៊ីលនេះកំពុងត្រូវតម្លើងហើយនោះរដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានគេជឿថា គ្រោងនឹងធ្វើការសងសឹកខាងសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចការទូតដើម្បីបង្រួមឱ្យតូចការខ្វែងគំនិតជាមួយប្រទេសចិនអំពីបញ្ហា THAAD ក៏ប៉ុន្តែភាគីទាំងពីរហាក់ដូចជាគ្មានការព្រមព្រៀងគ្នាទេ។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បាននិយាយជាថ្មីទៀតអំពីការមិនយល់ព្រមដល់ការដាក់ពង្រាយប្រព័ន្ធ THAAD ក្នុងកូរ៉េខាងត្បូងទេនៅក្នុងជំនួបមួយកាលពីចុងសប្តាហ៍មុននៅក្នុងក្រុងប៉េកាំងជាមួយលោករដ្ឋមន្ត្រីការបរទេសអាមេរិកាំង Rex Tillerson។ ហើយលោក Joseph Yun អ្នកតំណាងពិសេសរបស់ក្រសួងការបរទេសស.រ.អា.សម្រាប់គោលនយោបាយស្តីពីកូរ៉េខាងជើងបាននិយាយប្រាប់ សមភាគីកូរ៉េខាងត្បូងរបស់លោកគឺលោក Kim Hong-kyun ថាលោក Tillerson បាននិយាយ «ហ្មត់ចត់ណាស់» ដល់ភាគីចិន «ដោយលោកបានគូសបញ្ជាក់ថា THAAD ជាវិធានការការពារប្រឆាំងនឹងសក្តានុពលនៃការបង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង»៕