ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញគម្រោងសន្តិភាពរបស់លោកសម្រាប់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃអង្គារម្សិលមិញ ដោយមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ឈរនៅក្បែរលោក។
លោក Trump បាននិយាយនៅឯសេតវិមានថា៖ «ទស្សនវិស័យរបស់ខ្ញុំគឺផ្ដល់ឱកាសឈ្នះឈ្នះសម្រាប់ភាគីទាំងពីរ ដែលនោះគឺដំណោះស្រាយបែបប្រាកដនិយមមួយសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអាចដោះស្រាយហានិភ័យចំពោះសន្តិសុខអ៊ីស្រាអែលដែលបណ្ដាលមកពីការទាមទារឋានៈជារដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន»។
អ្នកដែលមិនមានវត្តមាននៅក្នុងការប្រកាសនោះគឺអ្នកតំណាងនៃដែនដីប៉ាឡេស្ទីន។ អ្នកតំណាងប៉ាឡេស្ទីនបានច្រានចោលគម្រោងសន្តិភាពនេះ មុនពេលមើលលើសំណើសន្តិភាពកម្រាស់ ៨០ ទំព័រនេះទៅទៀត។ អ្នកតំណាងប៉ាឡេស្ទីនទាំងនេះក៏មិនបានចូលរួមនៅក្នុងការចរចាអំពីគម្រោងសន្តិភាពនេះផងដែរ។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្លែងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍ពីទីក្រុង Ramallah នៅក្នុងតំបន់ West Bank ដោយសំដៅលើលោក Trump យ៉ាងដូច្នេះថា៖ «ទីក្រុង Jerusalem មិនមែនសម្រាប់លក់នោះទេ។ សិទ្ធិរបស់ពួកយើងទាំងអស់មិនមែនសម្រាប់លក់ និងសម្រាប់តថ្លៃនោះទេ។ កិច្ចព្រមព្រៀងរបស់អ្នក ដែលជាការសមគំនិតអាក្រក់នោះ នឹងមិនទទួលជោគជ័យនោះឡើយ»។
លោក Trump យល់ឃើញថា ការច្រានចោលនេះគឺគ្រាន់តែជាការរាំងស្ទះបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយលោកបានប្រាប់អ្នកដែលចូលរួមនៅក្នុងការប្រកាសរបស់លោកអំពីគម្រោងសន្តិភាពនេះថា លោកបានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោក Abbas ដោយបញ្ជាក់ថា ប្រសិនបើលោក Abbas ជ្រើសយក «វិថីសន្តិភាព សហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀតនឹងគាំទ្រជួយប្រទេសប៉ាឡេស្ទីនតាមមធ្យោបាយជាច្រើន»។
លោក Trump បានសន្យាថា ប្រសិនបើប៉ាឡេស្ទីនឯកភាពតាមគម្រោងសន្តិភាពនេះ នោះនឹងទទួលបានការវិនិយោគពីបរទេសចំនួន ៥០ ពាន់លានដុល្លារ ការងាររាប់លាននឹងត្រូវបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ហើយផលិតផលក្នុងស្រុកសរុបរបស់ប៉ាឡេស្ទីននឹងកើនពីរដង ឬក៏ ៣ ដង៕