ប្រធានាធិបតីសហរដ្ឋអាមេរិកចាត់ទុកបទចោទប្រកាន់ពីរករណីដែលសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យប្រកាសជាផ្លូវការចោទប្រកាន់រូបលោកកាលពីព្រឹកថ្ងៃអង្គារទី១០ខែធ្នូថាជា ការតាមធ្វើទុក្ខបុកម្នេញលើរូបលោក។
លោក Trump បានប្រើពាក្យពីរម៉ាត់នេះម្តងទៀត បន្ទាប់ពីគណៈកម្មាធិការនៃរដ្ឋសភាប្រកាសជាផ្លូវការពីដំណើរការបទចោទប្រកាន់ប្រឆាំងនឹងរូបលោក។ លោក Trump ក៏បានច្រានចោលសេចក្តីថ្លែងការណ៍លោក Jerrold Nadler គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាកាលពីថ្ងៃអង្គារ ដែលថាលោកបានដាក់សម្ពាធ ដើម្បីឲ្យប្រទេសអ៊ុយក្រែនជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនេះ។
លោក Trump បានបង្ហោះសារនៅលើ Twitter ថា «ទាំងប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអ៊ុយក្រែនបាននិយាយច្រើនដងហើយថា គ្មានការដាក់សម្ពាធអ្វីទេ។ លោក Nadler និងគណបក្សប្រជាធិបតេយ្យបានដឹងរួចហើយ ប៉ុន្តែធ្វើជាមិនដឹង»។
លោក Nadler បាននិយាយថា គណៈកម្មាធិការនីតិកម្មនឹងជួបគ្នានៅសប្តាហ៍នេះ ដើម្បីពិចារណាលើបទចោទប្រកាន់បំពានអំណាច និងការរារាំងការស៊ើបអង្កេតរបស់សភា។ គណៈកម្មាធិការនីតិកម្មនឹងបោះឆ្នោតសម្រេចលើបទចោទប្រកាន់ទាំងនេះ មុននឹងអាចបញ្ជូនទៅរដ្ឋសភាពេញអង្គដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដើម្បីបោះឆ្នោតសម្រេច។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ទស្សន៍ទាយថា លោក Trump នឹងត្រូវបានប្តឹងចោទប្រកាន់ទម្លាក់ពីតំណែងនៅរដ្ឋសភា ប៉ុន្តែសវនាការរបស់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនឹងសម្រេចថា លោកគ្មានទោសកំហុស។
ក្រុមមន្រ្តីសេតវិមានក៏បានសន្និដ្ឋានថា ការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងនេះគឺជារឿងដែលជៀសមិនផុត និងបានទស្សន៍ទាយថា នឹងមិនធ្វើឲ្យប៉ះពាល់អ្វីទេ ហើយប្រហែលជានឹងកាន់តែជួយពង្រឹងការគាំទ្រប្រធានាធិបតីកាន់តែខ្លាំងឡើងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំក្រោយនេះ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Stephanie Grisham កំពុងចោទប្រកាន់អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភានិងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យផ្សេងទៀតថា បានរៀបគម្រោងបណ្តេញលោក Trump ចេញពីតំណែងប្រធានាធិបតី ដែលលោកបានឡើងកាន់តំណែងចាប់តាំងពីខែមករាឆ្នាំ២០១៧មក។
អ្នកស្រី Grisham បានបញ្ជាក់ថា «ការប្រកាសអំពីបទចោទប្រកាន់ដកប្រធានាធិបតី ចេញពីតំណែងទាំងពីរករណីដែលគ្មានមូលដ្ឋាននេះ មិនប៉ះពាល់អ្វីដល់ប្រធានាធិបតីទេ។ ប៉ុន្តែវាធ្វើឲ្យពលរដ្ឋអាមេរិកាំងដែលរំពឹងថា ប្រធានាធីបតីដែលពួកគេបានបោះឆ្នោតឲ្យ ដើម្បីធ្វើការងារពង្រឹងប្រទេសជាតិតំណាងឲ្យពួកគេ មានការឈឺចាប់។ លោកប្រធានាធិបតីនឹងថ្លែងអំពីការចោទប្រកាន់មិនពិតទាំងនេះនៅក្នុងព្រឹទ្ធសភា និងរំពឹងថាព្រឹទ្ធសភានឹងរកឃើញថាលោករួចខ្លួនទាំងស្រុង ពីព្រោះថាលោកមិនបានធ្វើអ្វីខុសទេ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា