កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania រី​ឯ​លោក Biden នៅ​រដ្ឋ Michigan

រូបផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania និង​លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ធ្វើយុទ្ធនាការនៅរដ្ឋ Michigan កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ផ្ដោត​យុទ្ធនាការ​បោះឆ្នោត​លើ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដោយ​លោក Trump ទៅ​រដ្ឋ Pennsylvania រី​ឯ​លោក Biden ទៅ​រដ្ឋ Michigan។

លោក Trump បាន​ធ្វើ​យុទ្ធនាការ ៤ កន្លែង នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​រដ្ឋ Pennsylvania ដែល​នៅ​ក្នុង​រដ្ឋ​នោះ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​ប្រកៀក​ប្រកិត​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ការ​ស្ទង់​មតិ​បច្ចុប្បន្ន​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក​តិចតួច។

យុទ្ធនាការ​ទី​មួយ​របស់​លោក ​គឺ​នៅក្នុង​សង្កាត់ Newtown ដែល​នៅ​ទី​នោះ លោក​បាន​រិះគន់​តុលាការ​កំពូល​ថា ​បាន​ច្រានចោល​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​រារាំង​ការ​ពន្យារពេល ៣ ថ្ងៃ សម្រាប់​មន្ត្រី​បោះឆ្នោត​នៃ​រដ្ឋ Pensylvania នៅ​ក្នុង​ការ​ទទួល​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍។

នៅ​ក្នុង​យុទ្ធនាការ​ចុងក្រោយ​របស់​លោក​នៅ​ក្នុង​សង្កាត់ Montoursville លោក Trump បាន​អះអាង​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រិតិបត្តិ​មួយ ​ដែល​ស្នើ​ឲ្យ​ក្រសួង​ថាមពល​ ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​រារាំង​ការ​ទាញ​យក​ឧស្ម័ន​ធម្មជាតិ។

ការ​ទាញ​យក​ឧស្ម័ន​ធម្មជាតិ​គឺ​ជា​ប្រភព​ការងារ​ដ៏​ចម្បង​នៅ​ភាគ​ខាង​លិច​រដ្ឋ Pennsylvania។ លោក Trump បាន​ចោទ​លោក Biden ថា​ មាន​គម្រោង​ហាម​ឃាត់​ការ​ទាញ​យក​ឧស្ម័ន​នេះ ប្រសិនបើ​លោក Biden ជាប់​ឆ្នោត។ លោក Biden បាន​ច្រានចោល​ការ​ចោទ​លោក​នេះ។

ចំណែក​ឯ​លោក Biden វិញ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាមួយ​នឹង​លោក​អតីត​ប្រធានាធិបតី Barack Obama ជា​លើក​ដំបូង​នៅ​ក្នុង​រដូវ​បោះឆ្នោត​លើក​នេះ។ លោក​ទាំង​ពីរ​បាន​ឃោសនា​នៅ​ក្នុង​ទីក្រុង Flint និង​ទីក្រុង Detroit នៃ​រដ្ឋ Michigan ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត។

នៅ​ក្នុង​ទីក្រុង Flint លោក Biden បាន​ផ្ដោត​លើ​វិធានការ​ដោះស្រាយ​របស់​លោក Trump ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក Biden និយាយ​ថា៖ «យើង​នឹង​យក​ឈ្នះ​និង​គ្រប់គ្រង​ជំងឺ​នេះ​ឲ្យ​បាន ហើយ​ជំហាន​ដំបូង​ដើម្បី​ធ្វើ​ដូច្នេះ​បាន ​គឺ​ត្រូវ​យក​ឈ្នះ​លោក Donald Trump»។

បើ​យោង​តាម​មធ្យមភាគ​នៃ​ការ​ស្ទង់​មតិ​ចម្បងៗ​ដែល​ចងក្រង​ដោយគេហទំព័រ Real Clear Politics លោក Biden និង​លោក Trump មាន​ការ​ប្រជែង​ប្រកៀកប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ Arizona និង​រដ្ឋ North Carolina ចំណែក​ឯ​នៅ​ក្នុង​រដ្ឋ Michigan រដ្ឋ Pennsylvania និង​រដ្ឋ Wisconsin វិញ គឺ​លោក Trump ស្ថិត​នៅ​ក្រោយ​លោក Biden៕