ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកកំពុងស្វែងរកវិធីធ្វើពាណិជ្ជកម្មទៅវិញទៅមកជាមួយនឹងប្រទេសវៀតណាម ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
បន្ទាប់ពីបានជួបជាមួយនឹងប្រធានាធិបតីវៀតណាមលោក Tran Dai Quang នៅក្នុងទីក្រុងហាណូយនៅថ្ងៃអាទិត្យនេះមក លោក Trump បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា៖ «ដើម្បីឲ្យការធ្វើពាណិជ្ជកម្មមានដំណើរការទៅមុខបាន ប្រទេសទាំងអស់ត្រូវតែគោរពទៅតាមច្បាប់។ ខ្ញុំហាក់មានការជំរុញក្នុងចិត្តថា នាពេលថ្មីៗនេះ ប្រទេសវៀតណាមបានក្លាយជាទីផ្សារនាំចេញមកកាន់សហរដ្ឋអាមេរិក ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំសូមសរសើរនូវកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីវៀតណាមក្នុងការអនុវត្តនូវកំណែទម្រង់សេដ្ឋកិច្ច និងបង្កើនការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសវៀតណាមគ្រប់ផ្នែកទាំងអស់។ សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះកំណែទម្រង់ទាំងនេះ ដែលបានជំរុញឲ្យមានវិបុលភាពសេដ្ឋកិច្ចសម្រាប់ពលរដ្ឋវៀតណាមទាំងអស់»។
លោក Trump បានបន្ថែមថា៖ «យើងទើបតែមានការពិភាក្សាដ៏អស្ចារ្យមួយជាមួយគ្នាអំពីទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកដែលហូរចូលមកក្នុងប្រទេសវៀតណាម។ នេះជាការធ្វើពាណិជ្ជកម្មទៅវិញទៅមក។ ខ្ញុំជឿជាក់ថា ផលិតផលរបស់សហរដ្ឋអាមេរិកទាំងផ្នែកថាមពល កសិកម្ម សេវាហិរញ្ញវត្ថុ អាកាសចរណ៍ ពាណិជ្ជកម្មឌីជីថល និងការពារជាតិ ជាផលិតផលដែលអាចបំពេញតម្រូវការផ្នែកពាណិជ្ជកម្មជាច្រើនរបស់ប្រទេសវៀតណាម។ ហើយតាមការពិត ផលិតផលទាំងនេះមិនត្រឹមតែអាចបំពេញតាមតម្រូវការរបស់វៀតណាមនោះទេ ប៉ុន្តែថែមទាំងមានគុណភាពល្អជាងផលិតផលរបស់ប្រទេសដទៃទៀតផងដែរ»។
ប្រធានាធិបតីវៀតណាមបានហៅជំនួបរបស់លោកជាមួយនឹងលោក Trump ថាជាជំនួបប្រកបដោយផ្លែផ្កា ដោយលោកបាននិយាយថា៖ «ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Trump មកកាន់ប្រទេសវៀតណាមគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ដោយបង្កើតឲ្យមាននូវកម្លាំងជំរុញដ៏ខ្លាំងក្លាមួយសម្រាប់ការអភិវឌ្ឍដ៏មានសារៈសំខាន់ មានប្រសិទ្ធភាព និងមានស្ថិរភាពនៃភាពជាដៃគូទ្វេភាគីដ៏ទូលំទូលាយ»៕