លោកត្រាំ​ទុកឱកាស​ឱ្យ​ក្រុមហ៊ុន​ទូរសព្ទ​ចិន ZTE នៅ​បន្ត​អាជីវកម្ម

ក្រុម​ហ៊ុន​ ZTE ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នក​តំណាងរាស្រ្ត​ថា​រដ្ឋបាល​នេះ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​បន្ត​អាជីវកម្ម​ដល់​ក្រុមហ៊ុន​ទូរសព្ទ​ចិន ​ZTE ​ដែល​ការណ៍​នេះ​ទំនង​ជានឹង​បើកផ្លូវ​សម្រាប់​សហរដ្ឋ​អាមេរិក​ចរចា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ខែ​ក្រោយ។

កិច្ចព្រមព្រៀង​នេះ​កំណត់​ថា​ក្រុមហ៊ុន​ ZTE ​នឹង​បណ្តេញ​ក្រុម​អ្នក​គ្រប់គ្រងចេញ​ ជួល​មន្ត្រី​អាមេរិកាំង​តាម​ដាន​ការអនុវត្ត​ច្បាប់ឱ្យ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ និង​បង់​ប្រាក់ពិន័យ។ ប្រាក់​ពិន័យ​នេះ​ជាការបន្ថែម​ទៅនឹង​ទឹកប្រាក់​ប្រហែល​១ពាន់​លានដុល្លារ​ដែល​ក្រុមហ៊ុន​ ZTE ​បាន​បង់​រួច​ហើយ​ចំពោះ​ការលក់​សម្ភារៈទៅ ប្រទេស​កូរ៉េខាងជើង​និង​អ៊ីរ៉ង់​ដោយ​រំលោភ​នឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​នានា។

ជាការឆ្លើយតប​វិញ​ក្រសួងពាណិជ្ជកម្ម​នឹង​ដកបម្រាម​រយៈពេល​៧ឆ្នាំ​លើ​ក្រុមហ៊ុន ​ZTE ដែល​បាន​ហាមឃាត់​ក្រុមហ៊ុន​នេះ​មិន​ឱ្យ​ទិញ​ឧបករណ៍​ផ្សេងៗ​ពីក្រុមហ៊ុន​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ចិន​ពឹងផ្អែកលើ​ឧបករណ៍​ទាំងនេះ​ដើម្បីផលិត​ទំនិញហើយ​បម្រាម​ដែល​បាន​ដាក់​កាលពី​ដើម​ខែ​ឧសភានេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុនZTE ​ដួលរលំ។

កាលពីល្ងាច​ថ្ងៃ​សុក្រ​ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​វាយ​ប្រហារ​ក្រុមអ្នក​តំណាងរាស្រ្ត​ខាងក្រុមគណបក្ស​ប្រជាធិបតេយ្យ​និង​បញ្ជាក់​ពី​ដំណឹង​នៃ​កិច្ចព្រមព្រៀង​នេះ​តាម​ទំព័រ​ធ្វីតធឺ៕