លោក Trump នឹង​ជួប​ជាមួយ​នឹង​លោកស្រី​អធិការបតី Merkel មុន​កិច្ចប្រជុំ G-20

ប៉ូលិស​យាម​អគារ​មួយ​នៅ​ក្នុង​ក្រុង Hamburg ទី​ដេល​លោក​ប្រធានាធិបតី Donald Trump នឹង​ស្នាក់​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ G-20 នៅ​ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។

គេ​រំពឹង​ថា ប្រធានាធិបតី​ស.រ.អា. Donald Trump នឹង​ជួប​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅ​មុន​សន្និសីទ​កំពូល​របស់​មេដឹកនាំ​នៃ​ពួក​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​សប្តាហ៍​នេះក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។​

លោក Steffen Seibert អ្នកនាំ​ពាក្យ​របស់​លោកស្រី​ Merkel បាន​និយាយ​ថា​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​នឹង​ជួប​គ្នា​នៅ​មុន​សន្និសីទ​កំពូល​នៃក្រុម​ប្រទេស G-20 ចាប់​ផ្តើម​ប្រជុំ​ទំនង​ជា​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។​

លោក Trump បាន​និយាយ​តាម​ Twitter ថា​ លោក​នឹង​និយាយ​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ជាមួយ​លោកស្រី​ Merkel ហើយ​នឹង​មាន​ការ​និយាយ​ទូរស័ព្ទដាច់​ដោយឡែក​ជាមួយ​សម្ព័ន្ធមិត្ត​ពីរ​នាក់​ទៀត​គឺ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី Paolo Gentiloni។

នៅ​ពេល​បន្ទាប់​មក​សេតវិមាន​បាន​ចេញផ្សាយ​អត្ថបទ​នៃ​ការ​សន្ទនាគ្នា​ជាមួយ​លោកស្រី Merkel និង​លោក Gentiloni។​ លោកស្រី Merkel និង​ Trump បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​អាកាសធាតុ ការ​ផ្តើម​គំនិត​ផ្តល់​ប្រាក់​កាស​ដល់សហគ្រិន​ស្ត្រី​ភាសា​អង់គ្លេស​ហៅ​ថា​ Women's Entrepreneurship Financing Initiative និង​បញ្ហា​ពាណិជ្ជកម្ម​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ផលិត​ដែក​ថែប​ច្រើន​ហួស​កម្រិត​ក្នុង​ពិភពលោក​ផង​ដែរ​ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​នេះ។ សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែមថា​ Trump នឹង​ជួយ​លោកស្រី​ Merkel ធ្វើ​ឱ្យ​សន្និសីទ​កំពូល G-20 ទទួល​បាន​ជោគជ័យ។

សេតវិមាន​បាន​និយាយ​ថា​នៅ​ក្នុង​ការ​សន្ទនា​របស់​ Trump ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ Gentiloni គាត់​បាន​សម្តែង​ការ​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​អ៊ីតាលី​ក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំការ​ប្រជុំ​ក្រុម​ប្រទេស​ G-7 ដោយ​ជោគជ័យ​កាល​ពី​ខែឧសភា។​ លោក Trump ក៏​បាន​អរគុណ​លោក Gentiloni ​ដល់​កិច្ចខិតខំប្រឹង​ប្រែង​របស់​ប្រទេស​អ៊ីតាលី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជន​ចំណាកស្រុក​លីប៊ី​ផង​ដែរ៕