ប្រធានាធិបតី ​ត្រាំ ​គំរាម​កាត់​មូលនិធិ​សហរដ្ឋ​អាមេរិក​ចំពោះ​អង្គការ​សុខភាព​ពិភពលោក WHO

លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅក្នុងសន្និសីទសារព៍ត៌មានអំពីស្ថានភាពនៃការឆ្លងរាលដាលវីរុសកូរ៉ូណា នៅសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ (Donald Trump) ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​នឹងធ្វើ​ការ​ផ្អាក​យ៉ាង​ខ្លាំងក្លា​នូវ​មូលនិធិជា​វិភាគទាន​ដែល​ខ្លួន​ផ្តល់​ដល់​អង្គការ​សុខភាព​ពិភពលោក WHO ដោយ​លោក​បាន​បន្ទោស​ស្ថាប័ន​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ថា​បាន​ខកខាន​មិនបាន​មើលឃើញ​ការ​វាយលុក​ជា​សាកល​នៃ​ជំងឺរាតត្បាត​កូវីដ១៩។

លោក​ ត្រាំ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា​ អង្គការ​ WHO បាន​ «ហៅ​ខុស​ស្ថានភាព​ និង​ «ខកខាន​ប្រកាស​ស្ថានភាព» ដោយ​លោក​ចង់​និយាយ​ប្រយោល​ថា​អង្គការ WHO បាន​ធ្វើ​ដូច្នេះ​ដោយ​ខ្លាច​ប្រទេស​ចិន ដែល​ជា​កន្លែង​ដែលជំងឺ​កូវីដ១៩​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង។

លោក​ថា ​អង្គការ​នេះ​ហាក់​មាន​និន្នការ​ចិននិយម ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​ពិនិត្យ​អំពី​រឿង​នេះ។​

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្តល់​មូលនិធិច្រើន​ជាង​គេ​ដល់​អង្គការ​សុខភាព​ពិភពលោក។

ពេល​ត្រូវ​អ្នក​កាសែត​សួរ​ថា​តើ​ជា​ការ​សមរម្យ​ទេ​ដែល​ផ្តាច់​មូលនិធិ​ក្នុង​ពេល​ពិភពលោក​កំពុង​ប្រឈម​ជំងឺ​រាតត្បាត​លោក​ប្រធានាធិបតី​បាន​បដិសេធ​ថា​ លោក​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ ដោយ​លោក​កែសម្រួល​ប្រសាសន៍​មុន​នោះ​មក​ត្រឹម​ថា​សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ។​

អង្គការ​សុខភាព​ពិភពលោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ភ្លាមៗ​ ក្រោយ​ពី​ប្រសាសន៍​លោក​ ត្រាំ​ ទេ។

ខណៈ​ពេល​នេះ​ដែរ លោក​ ត្រាំ​ កំពុង​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​រដ្ឋបាល​លោក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លិខិត​ផ្ទៃ​ក្នុង​មួយ​កាល​ពី​ខែ​មករា​របស់​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​លោក Peter Navarro ដែល​ព្រមាន​ថា​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះអាច​បង្ក​ការ​ខាត​បង់​រាប់​លានលាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន។

នៅ​ព្រឹកថ្ងៃ​ពុធ​នេះ សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​កូវីដ១៩​ជិត​ ៤០០.០០០​ករណី ដោយ​មាន​អ្នក​ស្លាប់​ជាង​១២.០០០​នាក់​ហើយ៕