ក្នុងពេលតែប៉ុន្មានម៉ោងមុនជំនួបកំពូលលើកទីពីររបស់លោកជាមួយមេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោកប្រធានាធិបតីស.រ.អា Donald Trump បានសុំដល់ «មិត្ត» របស់លោកគឺលោក Kim Jong Un ឱ្យបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកដើម្បីធ្វើឱ្យប្រាកដប្រជាថា ប្រទេសលោកនឹងមានអនាគត «គួរឱ្យស្ងើចសរសើរ» ។
នៅក្នុងសារតាមប្រព័ន្ធទ្វីធឺ (Twitter) មួយកាលពីព្រឹកថ្ងៃពុធពីក្រុងហាណូយ លោកប្រធានាធិបតី Trump បាននិយាយថា លោក Kim គួរដេញជើងជោគជ័យនៃប្រទេសវៀតណាម ដែលជាប្រទេសកុម្មុយនិស្តដែរ ដែលលោកនិយាយថា «ចម្រើនលូសលាស់ដូចកន្លែងពីរបីនៅលើផែនដី»។
លោក Trump បាននិយាយថា «សក្តានុពលគួរឱ្យស្ងើចសរសើរ វាជាឱកាសធំមួយ សឹងតែគ្មានក្នុងប្រវត្តិសាស្ត្រ សម្រាប់មិត្តខ្ញុំ Kim Jong Un»។
នៅក្នុង Tweet មួយទៀតនៅពេលបន្ទាប់ លោកប្រធានាធិបតីស.រ.អ.បាននិយាយថាលោកនិងលោក Kim «នឹងខិតខំធ្វើការខ្លាំងអំពីការធ្វើកុំឱ្យមានអាវុធនុយក្លេអ៊ែរ» និងធ្វើរបបគ្រប់គ្រងសង្កត់សង្កិននេះឱ្យក្លាយទៅជា «មហាអំណាចសេដ្ឋកិច្ចមួយ»។ លោក Trump បានសរសេរថាលោកមានជំនឿថាប្រទេសចិន រុស្សី ជប៉ុននិងប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសជាតិបួនមានទាក់ទិនជាមួយស.រ.អាក្នុងកិច្ចចរចាគ្មានជោគជ័យកាលពីពេលមុនៗ នឹងនិយាយបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនដែលជា «ការមានប្រយោជន៍ណាស់»។
មេដឹកនាំទាំងពីរនាក់នេះមានកំណត់នឹងជួបគ្នាក្នុងរយៈពេលខ្លីនៅថ្ងៃពុធនៅមុនពេលពិសារអាហារពេលយប់ដោយមានការចូលរួមពីសហការីសំខាន់ៗពីរនាក់ និងអ្នកបកប្រែភាសាម្នាក់ពីភាគីនីមួយៗ ដោយលោក Trump នឹងមានការចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការបរទេស Mike Pompeo និងលោក Mick Mulvaney នាយខុទ្ទកាល័យស្តីទីសេតវិមាន។ លោក Trump និងលោក Kim នឹងធ្វើការចរចាចាផ្លូវការថែមទៀតនៅថ្ងៃព្រហស្បតិ៍ស្អែក។
លោក Donald Trump បានចំណាយពេលពាក់កណ្តាលថ្ងៃដោយលោកបានជួបជាមួយពួកមេដឹកនាំយួន។ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដោយប្រទេសវៀតណាមនឹងទិញយន្តហោះប្រតិកម្ម Boeing មានទឹកប្រាក់រាប់ពាន់លានដុល្លារ៕