ឯកសារបង់ពន្ធចំនួនពីរទសវត្សរ៍របស់លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋបានធ្វើឱ្យមានការកករល្អក់ដល់ការប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីអាមេរិកាំង ដោយលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យចោទប្រកាន់លោកថា ជាបុគ្គលក្លាយទៅជាអ្នកមានដោយទាញយកអត្ថប្រយោជន៍ពីក្រុមអ្នកបង់ពន្ធដារជាទៀងទាត់ នៅពេលដែលក្រុមសម្ព័ន្ធមិត្តរបស់លោក Trump បានពណ៌នាថាលោកជា «មនុស្សមានប្រាជ្ញាក្រៃលែង» ដោយបានចៀសវៀងដោយត្រឹមត្រូវតាមច្បាប់មិនបង់ពន្ធដាររាប់លានដុល្លារ។
លោកស្រី Clinton បានមានប្រសាសន៍បង្ហាញហេតុផលកាលពីថ្ងៃចន្ទនៅក្នុងការប្រជុំឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋ Ohio នាប៉ែកកណ្តាលខាងលិចស.រ.អាថា លោក Trump «បានទទួលយកអត្ថប្រយោជន៍ពីប្រទេសអាមេរិកដោយដៃទាំងពីរ ហើយបានបន្សល់វិក័យបត្រទុកឱ្យយើងទាំងអស់គ្នា»។
លោកស្រី Clinton បានលើកយកការចោទប្រកាន់ថ្មីៗទាំងនេះមកនិយាយ បន្ទាប់ពីមានរបាយការណ៍មួយកាលពីពេលថ្មីៗនេះដោយកាសែត New York Times បានបង្ហាញអំពីផ្នែកមួយនៃឯកសារបង់ពន្ធដាររដ្ឋរបស់លោក Trump ដែលនៅក្នុងនោះលោកបានប្រកាសថា លោករកស៊ីខាត៩១៦លានដុលា្លរក្នុងកិច្ចប្រតិបត្តិការកាស៊ីណូនិងរបររកស៊ីឯទៀតៗ។ ការប្រកាសថា លោករកស៊ីខាតច្រើនបែបនេះអាចឱ្យមហាសេដ្ឋីអចលនទ្រព្យនេះចៀសវៀងដោយត្រឹមត្រូវតាមច្បាប់មិនចាំបាច់បង់ពន្ធលើប្រាក់ចំណូលរហូតដល់១៨ឆ្នាំ។
លោកស្រី Clinton បានសាកសួរថា «តើមនុស្សមានប្រាជ្ញាក្រៃលែងបែបណាដែលរកស៊ីខាតមួយពាន់លានដុល្លារក្នុងមួយឆ្នាំ?»។
លោកស្រី Clinton បានមានប្រសាសន៍ថា «លោក Trump តំណាងប្រព័ន្ធប្រើមធ្យោបាយទុច្ចរិតដដែល ដែលគាត់និយាយថា គាត់នឹងកែប្រែ។ បន្ទាប់ពីគាត់រកស៊ីខាតបង់ប្រាក់នោះទាំងអស់ គាត់មិនបានជួយនិងមិនបានការពារពួកបុគ្គលិកគាត់ ឬវិស័យជំនួញតូចតាច ឬពួកអ្នកធ្វើការតាមកុងត្រាទេ។ ពួកគេត្រូវបានបណ្តេញចេញពីការងារ នៅពេលដែលគាត់ជាប់រវល់ជាមួយពួកគណនេយ្យកររបស់គាត់ ដើម្បីរកវិធីបែបណាឱ្យគាត់រស់នៅដូចជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារតទៅទៀត»៕