រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឧទ្ទេសនាមលោក W. Patrick Murphyជាបេក្ខភាពឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា ជំនួសលោក William Heidt ដែលនឹងបញ្ចប់បេសកម្មការទូតរបស់លោកនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ។
លោក W. Patrick Murphy ជាឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីអគ្នេយ៍ ដែលជាអ្នកការទូតចាស់វស្សា និងជំនាញក្នុងកិច្ចការតំបន់អាស៊ីអគ្នេយ៍ជាច្រើនឆ្នាំ។
បើតាមនីតិវិធីផ្លូវការ បេក្ខភាពរបស់លោក W. Patrick Murphy ត្រូវឆ្លងកាត់ការត្រួតពិនិត្យយល់ព្រមពីព្រឹទ្ធសភាសហរដ្ឋអាមេរិកសិន មុននឹងលោកត្រូវបានតែងតាំងជាផ្លូវការមកជំនួស ឯកអគ្គរដ្ឋទូត William Heidt ដែលជិតផុតអាណត្តិការងារបីឆ្នាំនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការត្រួតពិនិត្យនោះរួមមានទាំងការចូលទៅថ្លែង ក្នុងសវនាការផ្ដល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ខ្ពស់របស់អាមេរិកផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយពីសំណាក់សេតវិមាន ដែលមានចំណងជើងថា៖ «ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគោលគំនិតសម្រេចជ្រើសតាំងមន្ត្រីចូលទៅតំណែងសំខាន់ៗក្នុងរដ្ឋការរបស់លោក»ការឧទ្ទេសនាមលោក W. Patrick Murphy ស្ថិតក្នុងចំណោមការតែងតាំងមន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណ និងក្រសួងថាមពលអាមេរិក។
អ្នកនាំពាក្យស្ថានទូតអាមេរិកបានបដិសេធមិនផ្ដល់អត្ថាធិប្បាយទេអំពីកាលបរិច្ឆេទនៃការត្រួតពិនិត្យរបស់សភាអាមេរិកទៅលើបេក្ខភាពលោក Murphy និងក៏ដូចជាទីសំចតការងារជាបន្ទាប់របស់លោកWilliam Heidt។
តែក្នុងបទវិចារមួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត កាលពីថ្ងៃចន្ទ លោក Heidt បានថ្លែង ដោយត្រូវបានគេដកស្រង់សម្ដី ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«លោក Patrick គឺជាបេក្ខជនតែងតាំងដ៏ល្អបំផុត។ លោកមានប្រវត្តិលេចធ្លោនៅក្នុងការងារ ស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ ហើយដឹងពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះយ៉ាងច្បាស់»។
ការប្រកាសឧទ្ទេសនាមនេះ នៅចំកណ្ដាលនៃយុគសម័យទំនាក់ទំនងដ៏រកាំរកូសរវាងប្រទេសទាំងពីរ ដោយខាងទីក្រុងភ្នំពេញ បានចោទទីក្រុងវ៉ាស៊ីនតោនថាស្ថិតនៅពីក្រោយជួយកាន់ខ្នងរងមុខគណបក្សជំទាស់ ដើម្បីរៀបចំគម្រោងការផ្ដួលរំលំរបបដឹកនាំប្រទេសនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលទើបឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីខែមុន ដែលអវត្តមានគូប្រកួត«ប្រកបដោយសក្ដានុពល»របស់ខ្លួន។
ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់ខាងលើ និងក៏បានស្ថិតក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន រួមគ្នាបរិហារការបង្ក្រាបនយោបាយ ដែលបានវាតទីគ្របដណ្ដប់លើគណបក្សជំទាស់ ដល់បណ្ដាស្ថាប័នសង្គមស៊ីវិល និងបណ្ដាញផ្សព្វផ្សាយព័ត៌មានមិនចំណុះរដ្ឋអំណាច ហើយបានព្រមានចាត់វិធានការជាបន្តបន្ទាប់ដល់សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ក្នុងអ្វីដែលខ្លួនហៅថាជាការបោះឆ្នោត «ក្លែងក្លាយ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនិងជាអ្នកអត្ថាធិប្បាយនយោបាយ បានហៅការឧទ្ទេសនាមលោក Patrick Murphy ថាជាការសម្រេចចិត្តមានចរឹតយុទ្ធសាស្ត្រ។
លោកបានប្រាប់ VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«នេះគឺជាសញ្ញាណថា រដ្ឋការលោក ត្រាំ មើលឃើញប្រទេសកម្ពុជាជាទីតាំងមានលក្ខណៈសំខាន់ និងយុទ្ធសាស្ត្រជាងមុន ព្រោះថាលោក Patrick Murphy ជា[អ្នកការទូត]ជាន់ខ្ពស់ និងទទួលការគោរពជាខ្លាំង ក្នុងចំណោមរង្វង់ការងារទូតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»។
ទាក់ទិននឹងការបញ្ជូនបេក្ខភាពលោក Murphy មកតាំងទីនៅកម្ពុជា អ្នកវិភាគរូបនេះបានប្រាប់បន្តក្នុងន័យដើមយ៉ាងដូច្នេះថា៖
«វាទំនងជាបណ្ដាលមកពីមូលហេតុពីរ៖ ការរីកត្រដែតឡើងនៃចិននិងឥទ្ធិពលរបស់ប្រទេសមួយនេះ និងក៏ដូចជាតម្លៃកាន់តែសំខាន់ឡើងនៃតំបន់អាស៊ីអគ្នេយ៍ទាំងមូលតែម្ដង»។
ខណៈដែលទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា ផ្ដល់សញ្ញាមិនស្រួល តាំងតែពីចុងឆ្នាំ២០១៦ ពេលដែលកម្ពុជាបានសម្រេចផ្អាកកម្មវិធីលំហាត់ហ្វឹកហ្វឺនយោធារួម «ឆ្មាំអង្គរ» និងក្រោយមកបានចោទអាមេរិកថា រួមគំនិតនឹងបក្សជំទាស់ប្រុងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ទីក្រុងភ្នំពេញបានរៀបចំដល់ទៅពីរដងសមយុទ្ធយោធាជាមួយប្រទេសចិន ដែលបានចាក់បញ្ចូលទឹកប្រាក់ក្រោមរូបភាពជាកម្ចី ជាជំនួយ និងជាការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់មកកម្ពុជា។
ព្រមពេលជាមួយគ្នានេះដែរ កម្ពុជាក៏គ្រោងនឹងចាត់បញ្ជូនលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ទៅធ្វើឯកអគ្គរាជទូតប្រចាំនៅសហរដ្ឋអាមេរិក ជំនួសលោក ជុំ ប៊ុនរ៉ុង នាពេលខាងមុខនេះផងដែរ។ នេះបើយោងតាមការផ្សាយរបស់កាសែតដែលស្និទ្ធស្នាលនឹងរដ្ឋាភិបាល។
ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់ទៅកាន់ការជាឯកអគ្គរាជទូតកម្រិតប្រទេសនេះ ក៏ត្រូវបានកម្ពុជាធ្លាប់ធ្វើដែរកាលពីពេលឆ្នាំកន្លងទៅ។ លោក ឡុង វិសាលោ ដែលជាមន្ត្រីជើងចាស់ និងជារដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានចាត់បញ្ជូនទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ទីដែលមានពលរដ្ឋខ្មែរច្រើនជាងមួយលាននាក់ស្នាក់អាស្រ័យ រស់នៅប្រកបរបរទទួលទាន។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងកាលពីថ្ងៃអាទិត្យថា វាហាក់ដូចជាលឿនពេកក្នុងការធ្វើបុរេវិនិច្ឆ័យលើបេក្ខភាពរបស់លោក Murphy តែថា លោករំពឹងភាពប្រសើរឡើងនៃទំនាក់ទំនងប្រទេសទាំងពីរ។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ចំពោះខ្ញុំមើលនៅក្នុងន័យនយោបាយ បានសេចក្ដីថា សហរដ្ឋអាមេរិកនៅតែបន្តពង្រឹងទំនាក់ទំនងល្អ និងសហប្រតិបត្តិការជាមួយគ្នា»។
លោក ផៃ ស៊ីផាន បានបន្ថែមយ៉ាងដូច្នេះទៀតថា៖
«ទីមួយអ្វីដែលយើងរំពឹងទុកហ្នឹងគឺ ទូតហ្នឹងគឺជាអ្នកតំណាងផលប្រយោជន៍ប្រទេសគេ ហើយយើងឈរទៅលើគោលការណ៍ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ជាធម្មតាទេ ការយល់ឃើញខុសគ្នា ក៏ប៉ុន្តែឱកាសក្នុងការពង្រឹងទំនាក់ទំនងល្អ យើងអង្គុយជាមួយគ្នា ជជែកជាមួយគ្នា មិនមែនធ្វើឱ្យមានជម្លោះរវាងប្រទេសនិងប្រទេសទេ។ នេះជាការងារទូត បាទ!»។
មុនចូលទៅតាំងទីជាអចិន្ត្រៃយ៍នៅ ប៊ុយរ៉ូទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងទីស្ដីការក្រសួងការបរទេសអាមេរិក តាំងពីឆ្នាំ២០១៦មកនោះ លោក Murphy ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតរងប្រចាំស្ថានទូតអាមេរិកនៅទីក្រុងបាងកក ហើយលោកក៏ធ្លាប់ជាប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុចកិច្ចការប្រទេសមីយ៉ាន់ម៉ាជំនាន់អន្តរកាលប្រជាធិបតេយ្យ មុននឹងការបោះឆ្នោតឆ្នាំ២០១៥ ដែលអ្នកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោតឡើងទៅដឹកនាំប្រទេសជាមួយនឹងពួកយោធា។
រយៈកាលពីរឆ្នាំកន្លងមកដែលកាន់ការណ៍តំបន់អាស៊ីអាគ្នេយ៍ លោក Murphy បានធ្វើដំណើរជាច្រើនជើងមកតំបន់មួយនេះ ហើយគ្រាន់តែឆ្នាំ២០១៧កន្លងទៅនេះ លោកបានមកបំពេញទស្សនកិច្ចការងារយ៉ាងហោចណាស់ ពីរដងនៅកម្ពុជា។
គ្រាន់តែពេលមកដល់ទីក្រុងភ្នំពេញ ក្នុងដំណើរជើងទីមួយមកកម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៧ លោក Murphy ត្រូវបានប្រាប់ ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន ថា កម្ពុជានឹងសម្រេចព្យួរចោលកិច្ចព្រមព្រៀងនិរទេសខ្លួនជនជាតិខ្មែរពីអាមេរិកដ៏ចម្រូងចម្រាស។ ជាការឆ្លើយតបសហរដ្ឋអាមេរិកបានសម្រេចរឹតបន្តឹងការផ្ដល់ទិដ្ឋាការប្រភេទខ្លះដល់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសារ ដែលប្រាថ្នាចូលទៅសហរដ្ឋអាមេរិក។
ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ក្នុងពេលដែលលោកត្រូវអមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីមួយមកកាន់តំបន់អាស៊ី របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួម«កិច្ចប្រជុំកំពូលអាស៊ីបូព៌ា» នៅប្រទេសហ្វីលីពីន លោក Murphy និងលោក Matthew Pottinger ទីប្រឹក្សាកិច្ចការតំបន់អាស៊ីរបស់ប្រធានាធិបតី បានឆ្លៀតជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាផងដែរ ដើម្បីបង្ហាញនូវការជំទាស់របស់សហរដ្ឋអាមេរិក ចំពោះការត្រៀមរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ឃុំខ្លួនលោក កឹម សុខា និងការបង្ក្រាបនយោបាយមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
តាមរយៈដំណើរមកកាន់កម្ពុជាជាលើកទីពីរក្នុងខែធ្នូ លោក Murphy ក៏ជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកដំបូងបង្អស់ដែលមកបំពេញទស្សនកិច្ចជាផ្លូវការ ក្រោយពីព្រឹត្តិការណ៍រំលាយដ៏ចម្រូងចម្រាសនៃគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា។
ពេញមួយដំណើរទស្សនកិច្ចជាលើកទីពីរនៅកម្ពុជា លោក Murphy បានបន្លឺសំឡេងអំពាវនាវរបស់រដ្ឋាភិបាលអាមេរិកឱ្យប្រទេសកម្ពុជាពិចារណាត្រឡប់វិលមកអ្វីដែលលោកហៅថាគន្លងប្រជាធិបតេយ្យឡើងវិញ តែត្រូវបានមន្ត្រីរដ្ឋាភិបាលខ្មែរតបភ្លាមៗថា ការចាត់ការលើបក្សជំទាស់ និងក្រុមអ្នករិះគន់ សុទ្ធសឹងតែជា«ការអនុវត្តច្បាប់»ប៉ុណ្ណោះ។
មន្ត្រីការទូតអាមេរិករូបនេះបានប្រាប់អ្នកសារព័ត៌មានកាលពីពេលនោះ ដោយបានសរសើរអំពីដំណើការវិវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យ ដែលកម្ពុជាសម្រេចបាននាពេលពីរទសវត្សរ៍ចុងក្រោយ និងសរសើរតួនាទីចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា ហើយថាប្រទេសមួយនេះគួរតែស្ថិតនៅលើគន្លងនេះបន្តទៅទៀត ដើម្បីគេចផុតពីការដើរថយក្រោយនៃភាពលូតលាស់ទាំងឡាយ។
នៅរដ្ឋធានីវ៉ាស៊ីនតោន លោក Murphy ក៏ធ្លាប់ទទួលជួបមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនគេចពីការចាប់ចងនៅប្រទេសកម្ពុជាផងដែរ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា អ្នកស្រីមានក្ដីរំពឹងអំពីបទពិសោធការទូតរបស់លោក Murphy នៅថ្នាក់តំបន់ និងការស្គាល់ច្បាស់នូវស្ថានភាពនយោបាយនៅកម្ពុជា នឹងនាំចំណាប់អារម្មណ៍សហរដ្ឋអាមេរិកមកជួយដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែសកម្មឡើង។
«ការបោះឆ្នោតមិនត្រឹមត្រូវ ក្លែងក្លាយរបៀបនេះ វាប៉ះពាល់ធ្ងន់ធ្ងរណាស់ ទៅដល់សេដ្ឋកិច្ច នយោបាយ និងស្ថិរភាពនៅអាស៊ាន។ ដូច្នេះ...ក៏យើងជាអ្នកប្រជាធិបតេយ្យ ត្រូវការឱ្យអ្នកដែលមានជំនាញនៅក្នុងការទូតជាមួយអាស៊ាន មកជាតំណាងសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា»។
ការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។ ជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជាទំនងជានឹងបានឈ្នះអាសនៈទាំងអស់១២៥នៅសភាជាន់ទាប ជាមួយនឹងសំឡេងឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា បក្សកាន់អំណាចឈ្នះបានជិតប្រាំលានសំឡេង និងអត្រាអ្នកចេញទៅបោះឆ្នោតមានប្រមាណ៨៣%៕