លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថាលោកកំពុងធ្វើការដើម្បីជួយក្រុមហ៊ុននិងអ្នកប្រើប្រាស់ទំនិញសហរដ្ឋអាមេរិកទៅតាមបទបញ្ជាប្រធានាធិបតីថ្មីស្តីពីបញ្ហាពាណិជ្ជកម្ម។ កាលពីថ្ងៃសុក្រម្សិលមិញ លោកប្រធានាធិបតីបានបញ្ជាឲ្យពួកមន្រ្តីសហរដ្ឋអាមេរិកសិក្សាពីមូលហេតុនៃឱនភាពពាណិជ្ជកម្មហើយនិងបង្កើនការអនុវត្តការដាក់ទណ្ឌកម្មចំពោះការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ។
ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោក ត្រាំ បានរិះគន់គោលនយោបាយពាណិជ្ជកម្មរបស់ចិន ហើយនិងរិះគន់ពីរបៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
សហរដ្ឋអាមេរិកទិញទំនិញជាង៥០០ពាន់លានដុល្លារ មកពីប្រទេសនានាច្រើនជាងសហរដ្ឋអាមេរិកលក់ទៅឲ្យអតិថិជនរបស់ខ្លួននៅបរទេស។ ឱនភាពពាណិជ្ជកម្មជាងពាក់កណ្តាលគឺជាមួយប្រទេសចិន។ បញ្ជាពាណិជ្ជកម្មរបស់លោក ត្រាំ កើតមានឡើងប្រហែលមួយសប្តាហ៍មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីងពីង ដែលបញ្ហាពាណិជ្ជកម្មត្រូវគេរំពឹងនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃរបៀបវារៈ។
ក្រសួងពាណិជ្ជកម្មអាមេរិក ត្រូវរាយការណ៍ការរកឃើញរបស់ខ្លួនស្តីពីមូលហេតុនៃ គុណវិបត្តិខាងពាណិជ្ជកម្មនេះទៅឲ្យលោកប្រធានាធិបតីក្នុងរយៈពេល៣ខែ។ ការសិក្សាពីមូលហេតុឱនភាពខាងពាណិជ្ជកម្មពីប្រទេសមួយទៅប្រទេសមួយអាចក្លាយជាមូលដ្ឋាននៃចំណាត់ការខាងពាណិជ្ជកម្មនៅថ្ងៃអនាគត៕