កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើដំណើរទៅកាន់រដ្ឋ កាលីហ្វ័រញ៉ា ដើម្បីពិនិត្យមើលដោយផ្ទាល់នូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដោយសារភ្លើងឆេះព្រៃ។
លោក Trump បាននិយាយទៅកាន់អ្នកកាសែត បន្ទាប់ពីលោកបានដើរកាត់តំបន់ដែលឆេះខ្ទេចខ្ទីនៅក្រុង Paradise ភាគខាងជើងរដ្ឋ កាលីហ្វ័រញ៉ា យ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់គិតថារឿងនេះនឹងកើតឡើងនោះទេ»។
ផ្ទះយ៉ាងតិច ៩ ពាន់ ៧ រយខ្នង ត្រូវបានឆេះបំផ្លាញ ហើយមនុស្ស ៧៦ នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃនេះ។ មនុស្សជាង ១ ពាន់នាក់ទៀតនៅបាត់ខ្លួននៅឡើយ។
ភ្លើងឆេះព្រៃដែលមានឈ្មោះថា Camp Fire គឺជាភ្លើងឆេះព្រៃដ៏ប្រល័យជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ កាលីហ្វ័រញ៉ា។ អ្នកពន្លត់អគ្គីភ័យជាង ៥ ពាន់ ៥ រយនាក់ នៅតែព្យាយាមពន្លត់ភ្លើងឆេះព្រៃនេះ។
អ្នកដែលអមដំណើរលោក Trump មានដូចជាអ្នកស្រី Jody Jones អភិបាលក្រុង Paradise លោក Jerry Browអភិបាលរដ្ឋ កាលីហ្វ័រញ៉ា បច្ចុប្បន្ន លោក Gavin Newsom អភិបាលរដ្ឋ កាលីហ្វ័រញ៉ា ដែលទើបនឹងជាប់ឆ្នោតមិនទាន់ស្បថចូលកាន់តំណែង និងលោក Brock Long ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបន្ទាន់របស់រដ្ឋាភិបាលសហព័ន្ធ។
លោក Trump បានសន្យាចំពោះមន្ត្រីរដ្ឋ កាលីហ្វ័រញ៉ា ថា រដ្ឋាភិបាលសហព័ន្ធនឹងជួយផ្គត់ផ្គង់ចំពោះការបំផ្លិចបំផ្លាញនេះ ដោយលោកនិយាយដូច្នេះថា៖ «យើងនឹងធ្វើការទាំងអស់គ្នា»។
លោកក៏បានសន្យាផងដែរថា នឹងធ្វើការជាមួយនឹងក្រុមអ្នកបរិស្ថានដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានប្រសើរជាងនេះ ដោយលោកបញ្ជាក់ដូច្នេះថា៖ «សង្ឃឹមថា ភ្លើងឆេះព្រៃនេះគឺជាភ្លើងឆេះព្រៃចុងក្រោយបង្អស់ ដោយសារភ្លើងឆេះព្រៃលើកនេះគឺជាភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយ»៕