លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការឆែកឆេរប្រវត្តិរបស់អ្នកទិញខាំភ្លើង ក្រោយពីមានហេតុការណ៍បាញ់សម្លាប់រង្គាលកាលពីសប្តាហ៍មុននៅវិទ្យាល័យមួយក្នុងរដ្ឋ Florida ដែលបានបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់។ នេះបើយោងតាមសេតវិមានដែលបានឲ្យដឹងកាលពីថ្ងៃចន្ទ។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយថា លោក ត្រាំ បាននិយាយកាលពីសប្តាហ៍ជាមួយនឹងលោក John Cornyn ព្រឹទ្ធសភារដ្ឋ តិចសាស ខាងគណបក្សសាធារណរដ្ឋ អំពីច្បាប់ដែលមានការព្រមព្រៀងគ្នារវាងគណបក្សនយោបាយទាំងពីរ ជាមួយនឹងលោក Chris Murphy សមាជិកព្រឹទ្ធសភារដ្ឋ Connecticut ខាងគណបក្សប្រជាធិបតេយ្យ ដែលជាអ្នកតស៊ូមតិលើការប្រឆាំងនឹងការប្រើប្រាស់កាំភ្លើងជាយូរយារមកហើយ ដើម្បីបង្កើនការឆែកឆេរប្រវត្តិអ្នកទិញកាំភ្លើង។ ការកែប្រែច្បាប់នេះនៅកំពុងចរចាគ្នានៅឡើយ។
ប៉ូលិសនិយាយថា ជន Nikolas Cruz វ័យ១៩ឆ្នាំ ដែលបានសារភាពថា ខ្លួនបានសម្លាប់សិស្ស១៤នាក់និងមនុស្សវ័យកណ្តាលបីនាក់នៅឯវិទ្យាល័យមួយក្នុងក្រុង Parkland រដ្ឋ Florida ដែលរូបគេត្រូវបានសាលារៀននោះបណ្តេញចេញកាលពីឆ្នាំមុន អាចទិញកាំភ្លើងវែងប្រភេទ AR-15 ដើម្បីធ្វើបាញ់ប្រហារបាន បន្ទាប់ពីត្រូវបានគេឆែកឆេរប្រវត្តិ៕