លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ថ្លែងថា លោកមិនចង់រង់ចាំ«រាប់សប្តាហ៍ រាប់ខែ ឬ រាប់ឆ្នាំ» មុននឹងដឹងលទ្ធផលនៃការបោះឆ្នោតនៅខែវិច្ឆិកាទេ ដោយសារបញ្ហាដែលលោកទស្សន៍ទាយថា នឹងកើតមានឡើងជាមួយនឹងការបោះឆ្នោតផ្ញើរតាមប្រៃសនីយ៍។
កាលពីថ្ងៃព្រហស្សតិ៍ម្សិលមិញ លោកត្រាំ បានបញ្ចេញយោបល់ថា ឲ្យពន្យារពេលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះ ដោយបានធ្វើការចោទតាមសារ Twitter ដោយគ្មានភស្តុតាងថា សន្លឹកឆ្នោតដែលផ្ញើរតាមប្រៃសនីយ៍ដែលនឹងត្រូវការពេលវេលាច្រើនដើម្បីរាប់នោះ នឹងធ្វើឲ្យការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ក្លាយជា«ការបោះឆ្នោតមិនត្រឹមត្រូវ និងក្លែងបន្លំជាទីបំផុតក្នុងប្រវត្តិសាស្ត្រ»។
ប្រធានាធិបតីស.រ.អា. ពុំមានអំណាចដើម្បីពន្យាររការបោះឆ្នោតទេ។ ក្រោមរដ្ឋធម្មនុញ្ញស.រ.អា. សភាមានអំណាចដើម្បីជ្រើសរើសពេលវេលានៃការបោះឆ្នោត។ សមាជិកសភានៃគណបក្សសាធារណរដ្ឋ ច្រានចោលការលើកឡើងអំពីការចង់ពន្យារពេលការបោះឆ្នោតនេះ ភ្លាមៗមួយរំពេច។
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ក៏ប្រឆាំងជំទាស់នឹងរឿងនេះដែរ។ ក្រុមមន្ត្រីរៀបចំការបោះឆ្នោត ក្រុមសង្គមស៊ីវិល និង អ្នកប្រវត្តិសាស្ត្រ ក៏កំពុងនាំគ្នារិៈគន់ការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ ផងដែរ។
អ្នកនាំពាក្យម្នាក់នៃយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ត្រាំ លោក Hogan Gidley បានពន្យល់ថា លោកប្រធានាធិបតីគ្រាន់តែចោទសួរអំពីភាពច្របូលច្របល់ដែលពួកគណបក្សប្រជាធិបតេយ្យបានបង្កើតឡើង នៅពេលដែលពួកគេទទូចចង់ឲ្យមានការបោះឆ្នោតផ្ញើរតាមប្រៃសនីយ៍ទូទាំងប្រទេសតែប៉ុណ្ណោះ។ ពួកគេចង់ប្រើប្រាស់វីរុសកូរ៉ូណា ជាវិធីដើម្បីដាក់ឲ្យមានការបោះឆ្នោតតាមប្រៃសនីយ៍ទូទាំងប្រទេស ទោះជាអ្នកចុះឈ្មោះបោះឆ្នោតចង់ឬមិនចង់នោះ៕