ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យម្សិលមិញ បានចុះហត្ថលេខាលើសំណើច្បាប់ថវិកាដែលមានទឹកប្រាក់ ២,៣ លានលានដុល្លារ ដែលក្នុងនោះ ថវិកាចំនួន ៩០០ ពាន់លានដុល្លារសម្រាប់ជំនួយកូវីដ១៩ និងថវិកា ១,៤ លានលានដុល្លារទៀត សម្រាប់ការចំណាយរបស់រដ្ឋាភិបាលរហូតដល់ខែកញ្ញាឆ្នាំក្រោយ។
កន្លងមក លោក Trump បានហៅសំណើច្បាប់ដែលសភាទាំងពីរថ្នាក់បានអនុម័តកាលពីសប្ដាហ៍មុននេះ ថាជា «ការអាម៉ាស់» និងបានជំទាស់មិនព្រមចុះហត្ថលេខាដោយស្នើឲ្យពលរដ្ឋម្នាក់ៗទទួលបានជំនួយឧបត្ថម្ភកូវីដ១៩ ចំនួន ២.០០០ ដុល្លារ ជាជាង ៦០០ ដុល្លារដូចដែលចែងនៅក្នុងសំណើច្បាប់នោះ។
ការជំទាស់របស់លោក Trump នេះ បានបណ្ដាលឲ្យថ្នាក់ដឹកនាំទាំងខាងគណបក្សសាធារណរដ្ឋនិងខាងគណបក្សប្រជាធិបតេយ្យជំរុញឲ្យលោកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះ។
ប្រសិនបើគ្មានការចុះហត្ថលេខារបស់លោក Trump លើសំណើច្បាប់នេះទេ នោះរដ្ឋាភិបាលនឹងត្រូវបិទមួយផ្នែកចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ ចំណែកឯជំនួយឧបត្ថម្ភសម្រាប់អ្នកបាត់បង់ការងារធ្វើដោយសារកូវីដ១៩ និងការការពារពីការបណ្ដេញចេញពីផ្ទះជួល បានផុតកំណត់រួចហើយកាលពីព្រឹកថ្ងៃអាទិត្យ។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ខាងគណបក្សប្រជាធិបតេយ្យ និងលោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា បានសាទរចំពោះការចុះហត្ថលេខានេះរបស់លោក Trump។
លោក Trump បាននិយាយនៅពេលប្រកាសអំពីការចុះហត្ថលេខារបស់លោកថា លោកក៏បានទទូចឲ្យមានការកែប្រែលើសំណើច្បាប់នេះផងដែរ ដោយដកចេញនូវអ្វីដែលលោកហៅថាជា «ចំណុចមិនបានការ»។ ការទាមទារទាំងនេះគឺគ្រាន់តែជាការស្នើចំពោះសភាប៉ុណ្ណោះ ហើយនឹងមិនជះឥទ្ធិពលឲ្យមានការកែប្រែណាមួយចំពោះសំណើច្បាប់នេះទេ។
លោក Trump បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះដូច្នេះថា៖ «ក្នុងនាមជាប្រធានាធិបតី ខ្ញុំបានប្រាប់សភាថា ខ្ញុំចង់បានការចំណាយដែលមិនខ្ជះខ្ជាយខ្លាំង និងចង់បានប្រាក់ឧបត្ថម្ភបន្ថែមដល់ពលរដ្ឋអាមេរិកាំងម្នាក់ៗ គឺ ២.០០០ ដុល្លារសម្រាប់មនុស្សពេញវ័យ និង ៦០០ ដុល្លារសម្រាប់កុមារ»៕