លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់​ត្រាំ​បញ្ជា​ឲ្យ​​បើក​ការ​ខួង​ប្រេង​នៅ​មហា​សមុទ្រ​ទឹកកក​អាកទិច

លោក​ប្រធានាធិបតី​ ត្រាំ ហុច​ប៊ិច​ដែលលោក​​ប្រើ​សម្រាប់​ចុះ​ហត្ថលេខា​លើ​លោក​បទ​បញ្ញត្តិថ្មី ​ទៅ​អ្នក​ស្រី Lisa Murkowski នៅ​ការិយាល័យ​រាង​ពង​ក្រពើ​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​២៨ ខែមេសា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​កំពុង​បើក​តំបន់​រុករក​ប្រេង​នានា​ឡើង​វិញ​កន្លែង​ដែល​លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា ​បាន​បិទ ​ដែល​ជា​ចំណាត់​ការ​មួយ​ដែល​ក្រុម​បរិដ្ឋាន​បាន​សន្យា​បាន​ប្រឆាំង​ដើម្បី​ការ​ពារ​តំបន់​ទាំង​នោះ។

នៅ​ក្នុង​បទ​បញ្ជា​ប្រធានា​ធិបតីមួយ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានា​ធិបតី​បាន​ច្រាន​ចោលសេចក្តី​សម្រេច​របស់​រដ្ឋបាល​លោក​ អូបាម៉ា​ ដែល​ហាម​ឃាត់​ការ​ខួង​ប្រេង​និង​ឧស្ម័ន​នៅ​ផ្ទៃ​ទឹក​មហា​សមុទ្រ​ទឹកកក​អាក​តិច​ទល់​មុខ​រដ្ឋ​អាឡាស្កា។

បទ​បញ្ជា​ប្រធានា​ធិបតី​ ​ក៏​បាន​ណែនាំ​ក្រសួង​ការពារ​ឧទ្យាន​ធម្មជាតិ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បទ​បញ្ញត្តិ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ស្តីពី​ការអភិវឌ្ឍ​ថាមពល​នៅ​ក្នុង​មហា​សមុទ្រ​ អាត្លង់តិក​និង​ឈូង​សមុទ្រ​ម៉ិចស៊ិក។ បន្ថែម​ពី​នោះ​ទៀត ​បទបញ្ញត្តិ​នោះ​រារាំង​មិនឲ្យ​បង្កើត​ឬ​ពង្រីក​ទី​ជម្រក​សត្វ​សមុទ្រ​ហើយ​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញនូវ​តំបន់​ទាំង​អស់​ដែល​បានការពារ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ។

សេតវិមានប្រាប់​ឲ្យ​ដឹង​ថា ​ប្រេង​ចំនួន​៩០​ពាន់​លាន​ធុង​និង​ឧស្ម័ន​៣២៧​លាន​លាន​គុប​បាន​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​សហរដ្ឋ​អាមេរិក​ ក៏ប៉ុន្តែ ​៩៤​ភាគរយ​នៃ​តំបន់​ទាំង​នោះ​បាន​ស្ថិត​នៅ​ក្នុង​ការ​ហាម​ឃាត់។

លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​បាន​មាន​ប្រសាសន៍​នៅឯការ​ចុះ​ហត្ថលេខា​ក្នុង​ពិធី​មួយ​នៅ​សេតវិមានថា៖ «ការ​បន្ត​យក​ថាម​ពល​ពី​សមុទ្រ នឹង​កាត់​បន្ថយ​តម្លៃ​ថាម​ពល ​បង្កើត​ការងារ​ថ្មី​រាប់​មិន​អស់​ហើយ​និង​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​មាន​សន្តិសុខ​និង​ឯករាជ្យ​ភាព​ខាង​ឋាម​ពល​កាន់​តែ​ខ្លាំង​ឡើង‍»។

នេះ​ជា​ចំណាត់​ការ​ថ្មី​បំផុត​ពីរដ្ឋបាល​របស់​លោកត្រាំ​ដែល​មាន​គោល​បំ​ណង​បង្កើន​ផលិតផល​ថាម​ពល​នៅ​ក្នុង​ប្រទេស ហើយ​និង​ការ​បន្ធូ​បន្ថយ​បទ​បញ្ញត្តិ​ខាង​បរិស្ថាន៕