លោកប្រធានាធិបតី ដូណាល់ ត្រាំ មានវិធីសាស្ត្រផ្ទាល់ខ្លួនរបស់លោកសម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោកជារឿយៗនិយាយរិះគន់អង្គការអូតង់និងក្រុមសម្ព័ន្ធមិត្តជាយូរអង្វែងរបស់សហរដ្ឋអាមេរិកដោយប្រើពាក្យសម្ដីធ្ងន់ៗ។
ជាក់ស្ដែងដូចជាពេលដែលលោកបាននិយាយវាយប្រហារមេដឹកនាំកាណាដា ដែលត្រូវបានគេចាប់បានតាមវីដេអូនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ក្នុងទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះ ដែលទំនងជានិយាយសើចចំអកលោក ត្រាំ។
លោក ត្រាំ បានថ្លែងថា៖ «លោកគឺជាមនុស្សលាក់ពុត»។
ប៉ុន្តែលោក ត្រាំ ជារឿយៗនិយាយកោតសរសើរមេដឹកនាំផ្ដាច់ការ ដូចជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ លោក ត្រាំ សរសេរសារលើ Twitter ដោយបានហៅពួកគេថាជាបុរសល្អនៅក្នុងកិច្ចការដ៏លំបាក។
លោក ត្រាំ បានសរសេរ tweet យ៉ាងដូច្នេះថា៖
«ខ្ញុំស្គាល់ប្រធានាធិបតីចិន លោក ស៊ី ច្បាស់ណាស់។ លោកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ដែលទទួលបានការគោរពយ៉ាងខ្លាំងពីប្រជាជនរបស់លោក។ លោកក៏ជាបុរសល្អនៅក្នុងកិច្ចការដ៏លំបាកផងដែរ។ ខ្ញុំគ្មានមន្ទិលសង្ស័យទេថា ប្រសិនបើលោកប្រធានាធិបតី ស៊ី ចង់ដោះស្រាយបញ្ហានៅហុងកុងឲ្យបានឆាប់រហ័សនិងប្រកបដោយមនុស្សធម៌នោះ លោកពិតជាអាចធ្វើវាបាន។ តើលោកចង់ធ្វើជំនួបឯកជនមួយដែរឬទេ?»
មិនតែប៉ុណ្ណោះ អ្វីដែលខុសពីប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗ គឺថា លោក ត្រាំ បានសរសេរសំបុត្រល្អៗ និងបានធ្វើទស្សនកិច្ចទៅជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
លោក ត្រាំ បានថ្លែងថា៖
«ខ្ញុំគិតថា លោកនឹងកសាងប្រទេសរបស់លោកបានយ៉ាងល្អនាពេលអនាគត។ លោកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់»។
លោក ត្រាំ ទំនងជាមានភាពស្និទ្ធស្នាលពិតប្រាកដជាមួយបុរសខ្លាំងដែលផ្ដាច់ការ។
នេះបើតាមសម្ដីរបស់លោក Frances Brown ដែលធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សាសន្ដិសុខជាតិ ទាំងក្នុងអំឡុងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងរដ្ឋបាលលោក ត្រាំ។
លោកស្រី Brown នៃមជ្ឈមណ្ឌល The Carnegie Endowment for International Peace បានថ្លែងថា៖
«ខ្ញុំគិតជារឿយៗថា បុរសខ្លាំងទាំងនេះធ្លាប់សរសើរលោក ត្រាំ ដោយផ្ទាល់ ហើយលោក ត្រាំ ចូលចិត្តការសរសើរដូច្នេះ។ បញ្ហាគឺថា ផ្នែកដទៃនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែព្យាយាមប្រឆាំងនឹងបុរសខ្លាំង ដែលមាននិន្នាការប្រឆាំងនឹងប្រជាធិបតេយ្យ»។
ការស្ទង់មតិសាធារណជនបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនមានការគាំទ្រច្រើនជាងចំពោះគោលនយោបាយការបរទេសកាលពីមុន។
លទ្ធផលនៃការស្ទង់មតិឆ្នាំ២០១៩ របស់ Chicago Council បង្ហាញថា ប្រជាពលរដ្ឋអាមេរិកាំង៧៨%យល់ថា សហរដ្ឋអាមេរិកគួរតែរក្សាឬបង្កើនការគាំទ្រចំពោះអង្គការអូតង់។ ពលរដ្ឋជិត៦០%យល់ថា ការលើកកម្ពស់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅបរទេសធ្វើឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាពជាងមុន។
ពលរដ្ឋអាមេរិកាំងទំនងជាបដិសេធចំពោះការដកសហរដ្ឋអាមេរិកចេញពីក្រុមសម្ព័ន្ធភាពសកលលោក។ នេះបើតាមការបញ្ជាក់របស់លោក Ivo Daalder អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតង់។
លោក Daalder បាននិយាយថា៖
«ពលរដ្ឋអាមេរិកាំងតែ២០%ប៉ុណ្ណោះដែលគិតដូចអ្វីដែលលោកប្រធានាធិបតីគិតគឺថា សម្ព័ន្ធភាពផ្ដល់អត្ថប្រយោជន៍ឲ្យតែក្រុមសម្ព័ន្ធមិត្តប៉ុណ្ណោះ ហើយការធ្វើពាណិជ្ជកម្មក៏ដូច្នេះដែរ»។
នៅពេលសួរអំពីថា តើគោលនយោបាយការបរទេសរបស់លោក ត្រាំ នឹងជះឥទ្ធិពលទៅលើអ្នកបោះឆ្នោតអាមេរិកាំងនៅឆ្នាំ២០២០ខាងមុខនេះឬទេ អ្នកជំនាញម្នាក់និយាយថា អ្នកខ្លះប្រហែលជាមានអារម្មណ៍ថា វាអាស្រ័យលើអត្តចរឹតច្រើនជាង។
លោកស្រី Dina Smeltz នៃក្រុមប្រឹក្សា Chicago ទទួលបន្ទុកកិច្ចការសកលលោកបានថ្លែងថា៖
«ខ្ញុំគិតថា ប្រហែលជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកលើកនេះ ដែលខុសពីលើកមុនៗ ប្រជាពលរដ្ឋនឹងវិនិច្ឆ័យទៅតាមចរិតលក្ខណៈ និងការណ៍ដែលលោកប្រធានាធិបតីខ្លួនឯងប្រព្រឹត្តចំពោះក្រុមសម្ព័ន្ធមិត្តរបស់យើងនិងពិភពលោកទាំងមូល»។
វិធីសាស្ត្ររបស់លោក ត្រាំ ចំពោះគោលនយោបាយការបរទេសប្រហែលជាមិនមែនជាកត្ដាសម្រេចសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយទេ ដោយសារតែពលរដ្ឋអាមេរិកាំងបានលើកឡើងពីការថែទាំសុខភាព សេដ្ឋកិច្ច និងអន្តោប្រវេសន៍ជាបញ្ហាអាទិភាពរបស់ពួកគេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា