លោក Trump ​ជួប​ជាមួយ​លោក Erdogan ពិភាក្សា​ពី​បញ្ហា​នៅ​ស៊ីរី​និង​ការ​ផ្តល់​អាវុធ​ដល់​ពួក Kurd

Trump US Turkeyលោក​ប្រធានាធិបតី Donald Trump ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan នៅ​ក្នុង​បន្ទប់ Roosevelt ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

មួយ​សប្តាហ៍​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​នៅ​ក្នុង​ប្រទេស​តួកគី ដោយ​បាន​ផ្តល់​អាវុធ​ដល់​ពួក​ Kurd នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​ នៅ​ឯ​សេតវិមាន​ដោយ​ផ្តោត​លើ​ការ​ពិភាក្សា​អំពី​ជម្លោះ​នោះ ក៏​ដូច​ជា​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

សហរដ្ឋ​អាមេរិក​ចាត់​ទុក​កង​កម្លាំង Kurd ដែល​ហៅ​ថា YPG ថា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បណ្តេញ​ក្រុម​សកម្មប្រយុទ្ធ​ចេញ​ពី​ទីក្រុង Raqqa។ ប៉ុន្តែ​តួកគី​ចាត់​ទុក​ពួក​ YPG ថា​ជា​ពួក​ភេរវករ​ ដោយ​សារ​តែ​ពួក​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ពួក PKK ដែល​បង្ក​ភាព​ចលាចល​អស់​បី​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​ប្រទេស​តួកគី។

លោក Erdogan ចាត់​ទុក​សេចក្តី​សម្រេច​របស់​អាមេរិក​ក្នុង​ការ​ផ្តល់​អាវុធ​ទៅ​ឲ្យ​ពួក YPG ថា​ជា​ការ​ផ្ទុយ​ទៅ​នឹង​យុទ្ធសាស្ត្រ​ទំនាក់​ទំនង​រវាង​តួកគី​និង​អាមេរិក។
ប៉ុន្តែ​លោក​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា លោក​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា​ជា «ការ​ចាប់​ផ្តើម​ជា​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​តួកគី»។

ទាំង​តួកគី​និង​អាមេរិក​គាំទ្រ​ពួក​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ក្នុង​អំឡុង​ពេល​សង្គ្រាម​រយៈពេល​៦ឆ្នាំ​ប្រឆាំង​នឹង​កង​កម្លាំង​និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ប្រធានាធិបតី Bashar al-Assad៕