អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទៅដល់ក្លឹបកីឡាវាយកូនហ្គោល របស់លោកនៅខាងក្រៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃចន្ទនៅមុនការនាំខ្លួនមកឆ្លើយនៅមុខតុលាការអំពីបទចោទប្រកាន់ទាក់ទិននឹងការរក្សាទុកមិនត្រឹមត្រូវឯកសារសម្ងាត់ខាងសន្តិសុខជាតិនៅក្រោយលោកបានចាកចេញពីសេតវិមានកាលពីឆ្នាំ២០២១។
ការនាំខ្លួនលោកមកឆ្លើយនៅមុខតុលាការមានកំណត់នឹងធ្វើនៅម៉ោង៣រសៀលម៉ោងនៅប៉ែកខាងកើតសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនៅក្រោមការការពារសន្តិសុខមាំទាំក្នុងតុលាការសហព័ន្ធមួយនៅទីក្រុង Miami។
អាជ្ញាធរសហព័ន្ធបានបង្កើនសន្តិសុខនៅជុំវិញអគារតុលាការនេះ ហើយពួកមន្ត្រីទីក្រុង Miami និយាយថា ពួកគេប្រុងប្រៀបបញ្ចៀសកុំឱ្យមានអំពើហិង្សាពីក្រុមអ្នកគាំទ្រលោក Trump និងពួកអ្នកប្រឆាំងនឹងបាតុកម្មគាំទ្រលោក Trump។
ការនាំខ្លួនលោក Trump មកឆ្លើយនៅមុខតុលាការមានឡើងប្រាំថ្ងៃក្រោយមហាគណៈវិនិច្ឆ័យសហព័ន្ធមួយនៅក្រុង Miami បានចោទប្រកាន់លោកពីបទព្រហ្មទណ្ឌចំនួន៣៧ករណី មានរួម៣១ករណីទាក់ទងជាមួយការចោទប្រកាន់ថាលោក«រក្សាទុកដោយចេតនា»នូវឯកសារសម្ងាត់ខាងការការពារជាតិដោយរំលោភលើច្បាប់ចារកម្ម។
ជំនួយការម្នាក់របស់លោក Trump គឺលោក Walt Nauta ក៏ត្រូវបានចោទប្រកាន់ដែរទាក់ទិននឹងការរារាំងការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រមូលយកឯកសារទាំងនោះមកវិញ។
លោក Trump ជាអតីតប្រធានាធិបតីទីមួយដែលប្រឈមនឹងការចោទប្រកាន់សហព័ន្ធ។ នេះជាលើកដំបូងក្នុងពេលពីរខែដែលលោកត្រូវបានចោទប្រកាន់។
អតីតប្រធានាធិបតីរូបនេះប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌមួយដាច់ដោយឡែកនៅក្រុង New York ទាក់ទិននឹងការបង់ប្រាក់បំបិទមាត់ឱ្យដល់តារាភាពយន្តអាសអាភាសម្នាក់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦។
នៅក្នុងសវនាការនៅថ្ងៃអង្គារនេះ ចៅក្រមម្នាក់នឹងប្រាប់លោក Trump អំពីសិទ្ធិរបស់លោកនិងអានការចោទប្រកាន់ប្រឆាំងនឹងលោក។ គេរំពឹងថាលោកនឹងឆ្លើយថាលោកគ្មានទោសពៃរ៍អ្វីទេ។
ជាធម្មតា ការនាំចុងចោទទៅមុខតុលាការមានធ្វើមួយថ្ងៃក្រោយការចាប់ខ្លួន។ តែដោយសារករណីលោក Trump ជាក្តីក្តាំមិនធ្លាប់មានពីមុន ការចេញបង្ហាញខ្លួនលោកក្នុងតុលាការត្រូវបានពន្យារពេលរហូតដល់ប្រាំថ្ងៃ។
ករណីនេះត្រូវបានប្រគល់ឱ្យចៅក្រម Aileen Cannon ដែលលោក Trump បានតែងតាំងហើយដែលរងការរិះគន់ដោយសារបានលម្អៀងទៅអតីតប្រធានាធិបតីរូបនេះនៅក្នុងការសម្រេចរបស់លោកស្រីអំពីក្តីនេះកាលពីឆ្នាំទៅ៕