លោក William Barr ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅពេលលោក Donald Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ការចោទប្រកាន់ព្រហ្មទណ្ឌដោយមហាគណៈវិនិច្ឆ័យដែលថាលោក Trump បានរក្សាទុកឯកសារសម្ងាត់ខ្លាំងផ្នែកសន្តិសុខជាតិដោយខុសច្បាប់នៅពេលលោកចប់អាណត្តិជាប្រធានាធិបតីនៅឆ្នាំ ២០២១ បានបង្ហាញ«កំហុសធ្ងន់ធ្ងរខ្លាំង»។
ប៉ុន្តែ សមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតបានចេញមុខការពារលោក Trump ដោយបាននិយាយថា ការចោទប្រកាន់នេះគឺជាការវាយប្រហារផ្នែកនយោបាយដ៏អយុត្តិធម៌ដើម្បីធ្វើយ៉ាងណាកុំឱ្យលោក Trump អាចឈ្នះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ខាងមុខនេះ។
លោក Barr ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០ បានបញ្ជាក់នៅក្នុងកម្មវិធី «Fox News Sunday» ថា៖ «ប្រសិនបើការចោទប្រកាន់នេះត្រឹមត្រូវពាក់កណ្ដាលក៏ដោយ ក៏លោក [Trump] មានបញ្ហាដែរ។ ខ្ញុំចង់មានន័យថា វាគឺជាការចោទប្រកាន់មួយដែលមានលក្ខណៈលម្អិតខ្លាំង។ គំនិតដែលបង្ហាញឱ្យឃើញថាលោក Trump ជាជនរងគ្រោះនៃការតាមព្យាបាទនេះគឺមិនសមហេតុសមផលទាល់តែសោះ»។
លោក Barr បានបន្ថែមថា៖ «យើងមិនអាចបំភ្លេចបានទេថារឿងរ៉ាវទាំងអស់នេះបានកើតឡើងដោយសារតែការធ្វេសប្រហែសរបស់លោក [អតីត] ប្រធានាធិបតី [Trump]» ដោយលោកបានយកឯកសារសម្ងាត់ជាង ៣០០ ឯកសារទៅភូមិគ្រឹះ Mar-a-Lago របស់លោកនៅក្នុងរដ្ឋ Florida នៅពេលដែលលោកបញ្ចប់អាណត្តិជាប្រធានាធិបតី ជាជាងប្រគល់ឯកសារទាំងនោះឱ្យបណ្ណសារដ្ឋានជាតិសហរដ្ឋអាមេរិកដូចដែលច្បាប់តម្រូវ។
លោក Barr បានលើកឡើងទៀតថា៖ «លោក [Trump] គិតខុសទាំងស្រុងដែលថាលោកមានសិទ្ធិរក្សាទុកឯកសារទាំងនោះ។ ឯកសារទាំងនោះស្ថិតក្នុងចំណោមឯកសារសម្ងាត់ខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក។ ឯកសារទាំងនោះត្រូវតែស្ថិតក្រោមការថែរក្សារបស់មន្ត្រីទទួលបន្ទុកថែរក្សាឯកសារទាំងនោះ។ លោកគ្មានសិទ្ធិក្នុងការរក្សាទុកឯកសារទាំងនោះទេ ប៉ុន្តែលោកបានរក្សាទុកឯកសារទាំងនោះនៅភូមិគ្រឹះ Mar-a-Lago របស់លោក ដែលសម្រាប់អ្នកណាដែលខ្វាយខ្វល់អំពីរឿងសន្តិសុខជាតិ ពួកគេប្រាកដជាភឺតពោះជាមិនខាន»។
កាលពីសប្ដាហ៍មុន មហាគណៈវិនិច្ឆ័យថ្នាក់ជាតិនៅក្នុងទីក្រុង Miami រដ្ឋ Florida បានដាក់ឯកសារចោទប្រកាន់ចំនួន ៣៧ ករណីទៅតុលាការប្រឆាំងនឹងលោក Trump ដោយបានចោទលោកថា «រក្សាទុកដោយចេតនា» នូវឯកសារផ្នែកការពារជាតិចំនួន ៣១ ឯកសារ និងការចោទប្រកាន់ចំនួន ៦ ករណីទៀតដូចជាការរារាំងដំណើរការយុត្តិធម៌ ការលាក់ទុកឯកសារដើម្បីកុំឱ្យមេធាវីមួយរូបរបស់លោកអាចមើលឃើញបាន និងការឆ្លើយតបបែបក្លែងបន្លំចំពោះការស៊ើបអង្កេតរបស់រដ្ឋាភិបាលជាដើម៕
អតីតរដ្ឋមន្ត្រីយុត្តិធម៌អាមេរិកថាការចោទប្រកាន់លើលោក Trump បង្ហាញ«កំហុសធ្ងន់ធ្ងរខ្លាំង»
វ៉ាស៊ីនតោន —