ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានផ្ញើលិខិតទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយប្រាប់ឲ្យដាក់ប្រទេសកម្ពុជាលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមលិខិតរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែល VOA បានឃើញនៅថ្ងៃសុក្រ។
លិខិតចុះថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ ដែលមានហត្ថលេខារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាស់ ត្រាំ ផ្ញើទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាមានភាពរកាំរកូស និងថា ទំនាក់ទំនងបែបនេះមិនបានផ្តល់ប្រយោជន៍ឲ្យប្រជាជនទាំងពីរប្រទេសនោះទេ។
លោកប្រធានាធិបតី ដូណាល់ ត្រាំប្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងលិខិតនោះ តាមន័យដើមថា៖
«វាសំខាន់ណាស់សម្រាប់អនាគតនៃទំនាក់ទំនងជាសេរីរបស់យើងដែលអ្នកដាក់ប្រទេសកម្ពុជាលើមាគ៌ានៃអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ»។
លិខិតដដែលនោះបានបង្ហាញថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឲ្យមានការផ្លាស់ប្តូររបបនោះទេ។
លោកដូណាល់ ត្រាំបន្ថែមក្នុងលិខិតនោះថា សហរដ្ឋអាមេរិកនឹងបន្តការបង្ហាញពីជំនឿយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋគឺជាមាគ៌ាល្អបំផុតសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់។
លោកត្រាំបញ្ជាក់បន្ថែមថា៖
«ជាជំហ៊ានដំបូង ខ្ញុំសង្ឃឹមថា អ្នកនឹងវាយតម្លៃឡើងវិញនូវការសម្រេចចិត្តមួយចំនួនដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់អ្នក ដែលសហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថា វានឹងបង្កហានិភ័យយ៉ាងខ្លាំងដល់អធិបតេយ្យភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានទេ។
យ៉ាងណាក្តី លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនប្រាប់ VOA នៅថ្ងៃសុក្រនេះថា លិខិតរបស់លោកប្រធានាធិបតីដូណាល់ ត្រាំបង្ហាញអំពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តនូវអ្វីដែលលោកប្រធានាធិបតីត្រាំបានលើកឡើង។
«វាគ្រាន់តែជាការរំឭក បញ្ជាក់ថែមទៀតឲ្យកាន់តែស៊ីជម្រៅ នៅលើផ្លូវដែលយើងត្រូវដើរ ប៉ុន្តែឥឡូវការរំឭករបស់គាត់ [ប្រធានាធិបតីដូណាល់ ត្រាំ] ហ្នឹងក៏វាស្របលើផ្លូវដែលយើងកំពុងតែដើរនេះហើយ»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ ក្រោយរដ្ឋាភិបាលកម្ពុជាផ្តើមការបង្ក្រាបលើអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ ក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។
ក្នុងពេលនោះ ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនបានបង្កើនវោហាសាស្រ្តវាយប្រហារសហរដ្ឋអាមេរិក និងបស្ចិមប្រទេសជាបន្តបន្ទាប់ និងតែងលើកឡើងថា សហរដ្ឋអាមេរិកនៅពីក្រោយគណបក្សប្រឆាំងក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាជាដើម។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី Emily Zeeberg សុំមិនធ្វើអត្ថាធិប្បាយជុំវិញលិខិតរបស់លោកប្រធានាធិបតីដូណាល់ ត្រាំផ្ញើទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែនទេ។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លើកឡើងថា អ្នកស្រីគាំទ្រលិខិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងន័យចង់ឲ្យកម្ពុជាមានអភិបាលកិច្ចឈរលើប្រជាធិបតេយ្យ។
«បំណងនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាបំណងដែលយើងជាអ្នកប្រជាធិបតេយ្យ ចង់បានដូចគ្នាដែរគឺការពារបូរណភាពទឹកដីយើង ការពារផលប្រយោជន៍ជាតិទាំងមូល ហើយសំខាន់បំផុតគឺឲ្យមានអភិបាលកិច្ចមួយដែលឈរលើគោលការណ៍ប្រជាធិបតេយ្យ ដែលគោរពសិទ្ធិមនុស្ស គោរពសេរីភាពនៃប្រជាពលរដ្ឋទូទៅ»។
ក្រោយការបោះឆ្នោតថ្នាក់ជាតិដោយមិនមានគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិកប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានព្រមានចាត់វិធានការបន្ថែមលើការបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួន ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
ការព្រមានរបស់សហរដ្ឋអាមេរិកធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំណែកការបង្ក្រាបលើសង្គមស៊ីវិល ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ ព្រមទាំងការរឹតត្បិតក្រុមសំឡេងប្រឆាំងក៏ជាផ្នែកមួយដែលធ្វើឲ្យមានការព្រមានដាក់ទណ្ឌកម្ម និងរិះគន់ផងដែរ៕