ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យបង្កើនថវិកាប្រចាំឆ្នាំសម្រាប់ការចំណាយទៅលើផ្នែកការពារប្រទេស ដោយពណ៌នាការតម្លើង១០ភាគរយនេះថា ជាព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ នេះក៏ជាសារមួយចង់ធានាដល់ពិភពលោកពី «អនុភាព សន្តិសុខ និងភាពអង់អាចរបស់អាមេរិក»។
ថ្លែងទៅកាន់អភិបាលរដ្ឋនានារបស់អាមេរិកនៅឯសេតវិមាន លោក ត្រាំ បានថ្លែងថា៖«យើងនឹងធានាថា កងទ័ពរបស់យើងមានឧបករណ៍ដែលពួកគេត្រូវការដើម្បីរារាំងសង្គ្រាម ហើយនៅពេលដែលពួកគេត្រូវធ្វើសង្គ្រាមនោះគឺ «ពួកគេត្រូវតែឈ្នះ»។
ប្រធានាធិបតីថ្មីរូបនេះបានថ្លែងថា សហរដ្ឋអាមេរិកត្រូវ «ចាប់ផ្តើមឈ្នះសង្គ្រាមជាថ្មីម្តងទៀត» ដោយរំឭកពីពេលដែលលោកជាយុវជនមួយរូប នៅប៉ុន្មានឆ្នាំក្រោយសង្គ្រាមលោកលើកទី២ ដែលពលរដ្ឋអាមេរិកាំងអួតអាងថាខ្លួន «មិនដែលចាញ់សង្គ្រាមនោះ»។
លោក ត្រាំ បានថ្លែងថា៖ «ហើយឥឡូវនេះយើងមិនដែលឈ្នះសង្គ្រាមណាមួយនោះទេ គឺមិនដែលឈ្នះទាល់តែសោះ។ ហើយយើងមិនបានប្រយុទ្ធដើម្បីឈ្នះនោះទេ។ ដូច្នេះ មានន័យថា យើងត្រូវតែឈ្នះ ឬមិនប្រយុទ្ធតែម្តង»។
លោក ត្រាំ បានថ្លែងថា លោកលើកឡើងពីគម្រោងនៃការចំណាយអាទិភាពឲ្យបានលម្អិតនៅក្នុងសុន្ទរកថារបស់លោកថ្លែងទៅកាន់សភានៅល្ងាចថ្ងៃអង្គារ ប៉ុន្តែលោកបានថ្លែងបន្ថែមថា ថវិកាបន្ថែមសម្រាប់មន្ទីរបញ្ចកោណ«នឹងកសាងវិស័យយោធាដែលចុះអន់ថយរបស់អាមេរិកឡើងវិញ នៅពេលមួយដែលយើងត្រូវបានវិស័យនេះបំផុត»។
ក្នុងពេលជាមួយគ្នានេះដែរ លោកបានថ្លែងថា រដ្ឋបាលថ្មីរបស់លោកនឹងបន្តសន្សំសំចៃលើការចំណាយទៅលើវិស័យការពារប្រទេស ដោយលោកលើកឡើងថា លោកបានកាត់ថវិកាចំណាយចំនួន ៧២៥ លានដុល្លារទៅលើយន្តហោះចម្បាំង F35ថ្មី។
ក្រុមមន្ត្រីគ្រប់គ្រងថវិកាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្របពេលដែលមានការបង្កើនថវិកាចំណាយសម្រាប់វិស័យការពារប្រទេសនោះ នឹងមានការកាត់បន្ថយកម្មវិធីក្នុងស្រុក និងកាត់បន្ថយការផ្តល់ជំនួយបរទេសដល់ប្រទេសដទៃទៀត៕