ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាង កាលពីថ្ងៃអង្គារម្សិលមិញថា ពិភពលោកទាំងមូលកំពុងថ្កោលទោសប្រព័ន្ធផ្សាយព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក ទាក់ទិននឹងការផ្សាយអំពីអ្វីដែលលោកហៅថា ជាការបោកប្រាស់រឿងឃុបឃិត រវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីជ្រៀតជ្រែកដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។
លោក Trump បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា៖ «ប្រព័ន្ធផ្សព្វផ្សាយធំៗកំពុងរងការរិះគន់ខ្លាំងៗនៅទូទាំងពិភពលោកថាជាប្រព័ន្ធផ្សព្វផ្សាយពុករលួយ និងក្លែងក្លាយ។ អស់រយៈពេល ២ ឆ្នាំមកហើយ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះបានផ្សព្វផ្សាយអំពីរឿងប្រឌិតនៃការឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនេះ នៅពេលដែលពួកគេដឹងថា គ្មានការឃុបឃិតណាមួយកើតឡើងនោះ។ ពួកគេគឺជាសត្រូវពិតប្រាកដរបស់ប្រជាជន និងគឺជាគណបក្សប្រឆាំងពិតប្រាកដ»។
លោក Trump បាន Tweet សាររបស់អ្នកគាំទ្រលោកម្នាក់ឡើងវិញ ដែលអះអាងថា ការស៊ើបអង្កេតរយៈពេល ២២ ខែកន្លងមករបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller មិនគួរធ្វើឡើងទាល់តែសោះ។
ប៉ុន្តែដោយសារលោក Mueller បានសន្និដ្ឋានថា គ្មានភស្តុតាងណាមួយដែលបង្ហាញថា លោក Trump បានឃុបឃិតជាមួយនឹងរុស្ស៊ី នោះលោក Trump បានប្រកាសថា «របាយការណ៍របស់លោក Mueller គឺអស្ចារ្យណាស់»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr បានចេញផ្សាយសេចក្ដីសង្ខេបរបស់របាយការណ៍លោក Mueller ដោយបាននិយាយថា លោក Mueller បានសន្និដ្ឋានថា លោក Trump និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក មិនបានឃុបឃិតជាមួយនឹងរុស្ស៊ី ដើម្បីជួយលោក Trump ឲ្យឈ្នះការបោះឆ្នោតនោះទេ។
លោក Barr បាននិយាយថា លោក និងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Rod Rosenstein មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា លោក Trump ប្រព្រឹត្តិបទឧក្រិដ្ឋនោះទេ៕