ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា រដ្ឋបាលរបស់លោកមានគម្រោងជួបប្រជុំជាលើកទីពីរជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រកាសអំពីព័ត៌មានលំអិតនៅក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York ថា៖ «ខ្ញុំនឹងជួបជាមួយនឹងលោក Kim Jong Un នៅពេលឆាប់ៗខាងមុខនេះ»។
កាលពីព្រឹកថ្ងៃពុធម្សិលមិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា លោកកំពុងមានរៀបចំគម្រោងនេះឡើង ហើយជំនួបលើកទីពីរនេះប្រហែលជានឹងធ្វើឡើងនៅខែតុលាខាងមុខនេះ។ លោក Pompeo នឹងថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសនានានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ អំពីកិច្ចប្រឹងប្រែងនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
កាលពីព្រឹកថ្ងៃពុធម្សិលមិញ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានលោក Trump ជាប្រធាន ផ្ដោតលើការរារាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ នៅពេលនោះ លោក Trump ថ្លែងអំពីដំណើរវិវឌ្ឍទៅមុខនៃបញ្ហាកូរ៉េខាងជើង។
លោក Trump បាននិយាយថា៖ «ខ្ញុំគិតថា យើងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ ប៉ុន្តែ ដើម្បីធានាឲ្យដំណើរវិវឌ្ឍទៅមុខនេះនៅតែបន្ត យើងត្រូវតែអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានស្រាប់រហូតទាល់តែកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរពិតប្រាកដ»។
លោក Trump បានអរគុណមេដឹកនាំនៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង សម្រាប់តួនាទីរបស់ពួកគេនៅក្នុងដំណើរការនេះ។ លោក Trump បានបញ្ជាក់បន្ថែមថា លោក Kim Jong Un គឺជាអ្នកដែលចង់បានសន្តិភាព និងវិបុលភាពឲ្យប្រទេសកូរ៉េខាងជើង៕