ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានថ្លែងថា លោកនឹង«រារាំង» ផែនការទិញក្រុមហ៊ុន US Steel ដោយក្រុមហ៊ុនជប៉ុន Nippon Steel ក្នុងតម្លៃ១៤,៩ពាន់លានដុល្លាររួមបញ្ចូលទាំងបំណុល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump បានសរសេរលើវេទិកាសង្គម Truth Social របស់លោក ថា៖«ខ្ញុំប្រឆាំងទាំងស្រុងលើការទិញក្រុមហ៊ុន U.S. Steel ដែលធ្លាប់ជាក្រុមហ៊ុនដ៏អស្ចារ្យនិងមានអំណាចរបស់អាមេរិក ដោយក្រុមហ៊ុនបរទេស ហើយក្នុងករណីនេះគឺក្រុមហ៊ុនNippon Steel របស់ជប៉ុន»។
លោក Trump សរសេរទៀតថា៖
«តាមរយៈការផ្តល់អត្ថប្រយោជន៍ពន្ធនិងពន្ធគយ យើងនឹងធ្វើឱ្យក្រុមហ៊ុន U.S. Steel ខ្លាំងក្លានិងអស្ចារ្យម្តងទៀត ហើយវានឹងកើតឡើងឆាប់រហ័ស។ ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងរារាំងកិច្ចព្រមព្រៀងនេះមិនឱ្យកើតមានឡើងទេ»។
ក្រុមហ៊ុន US Steel ប្រកែកថា ខ្លួនត្រូវការកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nippon ដើម្បីធានាថាមានការវិនិយោគគ្រប់គ្រាន់នៅរោងចក្រ Mon Valley របស់ខ្លួននៅរដ្ឋ Pennsylvania ដែលខ្លួនប្រហែលត្រូវបិទបើការលក់ក្រុមហ៊ុននេះត្រូវបានរារាំង។
ក្រុមហ៊ុន Nippon Steel បានថ្លែងក្រោយអត្ថាធិប្បាយរបស់ Trump ថា៖ «ខ្លួនប្តេជ្ញាការពារនិងធ្វើឱ្យក្រុមហ៊ុន US Steel រីកលូតលាស់ដើម្បីពង្រឹងឧស្សាហកម្មអាមេរិក ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងសន្តិសុខជាតិអាមេរិក»។
លោក Biden ក៏ប្រឆាំងនឹងកិច្ចព្រមព្រៀងនេះផងដែរ ដោយថ្លែងថា វា«សំខាន់» ដែលក្រុមហ៊ុន US Steel នៅ«រក្សាជាក្រុមហ៊ុនដែកថែបអាមេរិក ដែលជាម្ចាស់កម្មសិទ្ធិដោយអាមេរិកនិងត្រូវប្រតិបត្តិការក្នុងស្រុក»។
កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យដោយអង្គភាពមួយដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ្នកស្រី Janet Yellen ដែលធ្វើសវនកម្មលើការទិញក្រុមហ៊ុនអាមេរិកនានាដែលហៅថា គណកម្មការធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក៕