លោក Trump និយាយ​ថា លោក​មិន​បាន​ទទួល​អ្វី​ពី​លោក​ប្រធានាធិបតី Xi របស់​ចិន​នោះ​ទេ

លោក​ប្រធានាធិបតី Donald Trump ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Xi Jinping ក្នុង​ពិធី​ជប់​លៀង​ពេល​ល្ងាច​មួយ​នៅ Mar-a-Lago កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​និយាយ​ដោយ​សើច​តិចៗ​នៅ​ក្នុង​ពីធី​ជប់លៀង​អាហារ​ពេល​យប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដែល​លោក​បាន​ចាត់ចែង​សម្រាប់​លោកប្រធានាធិបតី​ចិន Xi Jinping ថា​នៅ​ក្រោយ​ការ​ពិភាក្សា​គ្នា​យ៉ាងយូរ «ខ្ញុំ​មិន​បាន​ទទួល​អ្វី​សោះ គ្មាន​បាន​អ្វី​សោះ» ពី​ភ្ញៀវ​របស់​លោក។ ​ក៏​ប៉ុន្តែ​លោក​ Trump បាន​និយាយ​បន្ថែម​ថា មេដឹកនាំ​ទាំង​ពីរ​នាក់ ​ដែល​បាន​និយាយ​គ្នា​កាល​ពី​ពេល​មុន​នៅ​ឯ​កន្លែង​សម្រាកកាយ​របស់​ប្រធានាធិបតី​ក្នុង​រដ្ឋ​ Florida បាន «អភិវឌ្ឍន៍​មិត្តភាព​មួយ» យ៉ាង​ឆាប់រហ័ស​ហើយ​លោក​បាន​ទស្សន៍ទាយ​ថា​ «ក្នុង​រយៈពេល​យូរ​យើង​នឹង​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ពេល​នោះ»។

លោក​ប្រធានាធិបតី​ Xi Jinping មិន​បាន​ធ្វើ​កំណត់​សម្គាល់​អ្វី​ទេ​នៅ​ពេល​ដែល​ពួក​អ្នក​កាសែត​ស្ថិត​នៅ​ក្នុង​បន្ទប់​អាហារ​ពេល​យប់នៅ​ Mar-a-Largo ហើយ​ប្រធានាធិបតី Trump មិន​បាន​ឆ្លើយ​នឹង​សំណួរ​អំពី​ប្រទេស​ស៊ីរី​ឬ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ក្រុម​អ្នក​សារព័ត៌មាន​បាន​សួរ​លោក​នោះ​ទេ។​

កាលពី​ពេល​មុន​នេះ​ លោក​ប្រធានាធិបតី​ Trump និង​ពួក​សមាជិក​នៃ​រដ្ឋបាល​លោក​បាន​និយាយ​ច្បាស់លាស់​ថា ​អស់​លោក​សង្ឃឹម​ថា​នឹង​ដាក់គំនាប​សង្កត់​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​ធ្វើ​សកម្មភាព​ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ការ​អភិវឌ្ឍ​អាវុធ​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។​

នៅ​ក្នុង​កំណត់​សម្គាល់​របស់​លោក​នៅ​ក្នុង​យន្តហោះ​ប្រធានាធិបតី​ Air Force One លោក Trump បាន​និយាយ​ថា​ ឱនភាព​ពាណិជកម្ម​របស់​ស.រ.អា.​មាន​ទឹក​ប្រាក់​ប្រមាណ៣១០​ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន​ជា​អាទិភាព​នៅ​លើរបៀបវារៈ៕