លោក Trump ថា ភូមិគ្រឹះ Mar-A-Lago របស់​លោក​នៅ Florida ត្រូវ​បាន​ទីភ្នាក់ងារ FBI ឆែកឆេរ

ប៉ូលិស​បញ្ជា​ចរាចរណ៍​នៅ​ខាង​ក្រៅ​ច្រកចូល​មួយ​ទៅ​កាន់​ភូមិគ្រឹះ​ Mar-a-Lago របស់​អតីត​ប្រធានាធីបតី​អាមេរិក​លោក Donald Trumpនៅ​ទីក្រុង Palm Beach រដ្ឋ​ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ភ្នាក់ងារ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​ឆ្មក់ចូល​ឆែកឆេរ​ភូមិគ្រឹះ​របស់​លោក​នៅ​ក្នុង​ក្រុង Palm Beach រដ្ឋ Florida។

លោក Trump បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដ៏​វែង​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ភូមិគ្រឹះ Mar-A-Lago ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ​នៅ​ក្រុង Palm Beach រដ្ឋ Florida ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ ​ឆ្មក់​ចូល​ឆែកឆេរ និង​ត្រួតត្រា​ដោយ​ក្រុម​ភ្នាក់ងារ FBI ដ៏​ធំ​មួយ។ បន្ទាប់ពី​បាន​ធ្វើ​ការ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល​មក ការ​ឆ្មក់ចូល​ឆែកឆេរ​ភូមិគ្រឹះ​របស់​ខ្ញុំ​ដែល​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​នេះ​គឺ​មិន​ចាំបាច់​និង​មិន​សមរម្យ»។

សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ឆែកឆេរ​នេះ​កើតឡើង។

ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រសួង​យុត្តិធម៌​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​សកម្ម​លើ​ការ​រក​ឃើញ​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ប្រអប់​នៃ​ឯកសារ​នានា​ដែល​ត្រូវ​បាន​យក​ទៅ​ភូមិគ្រឹះ​របស់​លោក Trump នៅ​រដ្ឋ Florida នោះ បន្ទាប់ពី​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មករា ឆ្នាំ ២០២១ មក។

លោក Trump ដែល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ស្ថិត​នៅ​ក្នុង​ទីក្រុង New York មិន​បាន​និយាយ​ថា​ហេតុអ្វី​បាន​ជា​មាន​ការ​ឆែកឆេរ​នេះ​កើតឡើង​នោះ​ទេ។ ទីភ្នាក់ងារ FBI និង​ក្រសួង​យុត្តិធម៌​មិន​បាន​បញ្ចេញ​មតិ​ណា​មួយ​ភ្លាមៗ​អំពី​ការ​លើកឡើង​របស់​លោក Trump នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​អ្នកស្រី Dena Iverson បាន​បដិសេធ​មិន​បញ្ចេញ​មតិ​លើ​ការ​ឆែកឆេរ​នេះ​ដល់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ អ្នកស្រី​ក៏​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​ផង​ដែរ​អំពី​ថា ​តើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Merrick Garland មាន​បាន​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់​ឱ្យ​មាន​ការ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​រឿង​នេះ ដែល​សុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា ការ​ឆែកឆេរ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ។

កាលពី​ដើម​ឆ្នាំ​នេះ ប័ណ្ណសារដ្ឋាន​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ប្រអប់​ចំនួន ១៥ នៅ​ភូមិគ្រឹះ Mar-A-Lago របស់​លោក Trump។ បន្ទាប់​មក ប័ណ្ណសារដ្ឋាន​ជាតិ​បាន​បញ្ជូន​ករណី​នេះ​ទៅ​ឱ្យ​ក្រសួង​យុត្តិធម៌៕

អ្នកស្រី Dora Mekouar រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។