ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Trump ថា​ លោក​នឹង​ចេញ​ពី​មន្ទីរពេទ្យ​​ទៅ​សេតវិមាន​វិញ​ល្ងាច​នេះ

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump មាន​ជំងឺ​កូវីដ១៩ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Walter Reed នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ថា លោក​នឹង​ចេញ​ពី​មន្ទីរពេទ្យ​យោធា Walter Reed ទី​ដែល​លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩ ហើយ​នឹង​បន្ត​តាមដាន​អាការៈ​ជំងឺ​របស់​លោក​នៅ​សេតវិមាន។​ លោក​បាន​ថ្លែង​បន្ថែម​ថា លោក​មាន​អារម្មណ៍​ស្រួល​ក្នុង​ខ្លួន។ ​ខណៈ​ពេល​ដែល​លោក​កំពុង​បន្ដ​ធូរស្បើយ​ពី​ជំងឺ​នេះ លោក​ថា សហរដ្ឋ​អាមេរិក​មិន​គួរ​ខ្លាច​ជំងឺ​កូវីដ​១៩​ នេះ​ទេ។ ជំងឺ​កូវីដ១៩ នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ប្រមាណ​ជាង ២ សែន ៩ ពាន់​នាក់​ នៅ​សហរដ្ឋ​អាមេរិក។

វេជ្ជបណ្ឌិត​របស់​ប្រធានាធិបតី​គឺ​លោក Sean Conley បាន​ថ្លែង​ថា លោក​ប្រធានាធិបតី Trump បាន​ទទួល​ការ​ព្យាបាល​យ៉ាង​ដិតដល់​ជាទី​បំផុត ហើយ​ស្តង់ដារ​នៃ​ការ​ព្យាបាល​ដែល​លោក​ទទួលបាន គឺ​មាន​លក្ខណៈ​ពិសេស​ជាង​ស្តង់ដារ​ព្យាបាល​ដែល​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​ទទួលបាន។

លោក​វេជ្ជបណ្ឌិត Sean Conley បាន​បន្ថែម​ថា លោក​ប្រធានាធិបតី Trump មិន​ទាន់​ជា​សះស្បើយ​ទាំងស្រុង​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ​រហូត​ដល់​រយៈពេល ១​ សប្តាហ៍​ទៀត ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ថា លោក Trump «ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ដែល​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន»។

សម្រាប់​លោក​ប្រធានាធិបតី​ខ្លួន​ឯង​ផ្ទាល់ លោក​ក៏​មាន​ការ​ទុកចិត្ត​ខ្លាំង​លើ​សុខភាព​លោក​ផង​ដែរ។ លោក​បាន​ថ្លែង​នៅ​តាម​សារ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម Twitter ថា៖ «ខ្ញុំ​នឹង​ចេញ​ពី​មន្ទីរពេទ្យ​យោធា Walter Reed ដ៏​អស្ចារ្យ​នៅ​វេលា​ម៉ោង​ ៦:៣០​នាទី​ល្ងាច​នេះ [ម៉ោង​ក្នុង​សហរដ្ឋអាមេរិក] ដោយ​មាន​អារម្មណ៍​ធូរ​ស្បើយ​ច្រើន! កុំ​ភ័យ​ខ្លាច​នឹង​ជំងឺ​កូវីដ១៩! កុំ​ឲ្យ​ជំងឺ​នេះ​ធ្វើ​ឲ្យ​អ្នក​ភិតភ័យ​ឲ្យ​សោះ … ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ជាង​កាល​ពីពេល​ ២០ ឆ្នាំ​មុន​ទៅ​ទៀត!»

លោក​វេជ្ជបណ្ឌិត Conley ក៏​បាន​ថ្លែង​ពី​ស្ថានភាព​ល្អ​ប្រសើរ​នៃ​សុខភាព​របស់​លោក​ប្រធានាធិបតី​ផងដែរ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សុខភាព​ប្រធានាធិបតី កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ហើយ​ថា លោក​ប្រធានាធិបតី​អាច​នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​លោក​តាម​កាលវិភាគ​ដូច​ធម្មតា ដរាប​ណា​ «មិនមាន​រោគសញ្ញា​បង្ហាញ​ថា វីរុស​នេះ​នៅ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​លោក»។

យោង​តាម​មជ្ឈមណ្ឌល​ការពារ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លងរបស់​សហរដ្ឋ​អាមេរិក (CDC) អ្នក​ដែល​មាន​រោគសញ្ញា​តិចតួច​រហូត​ដល់​រោគ​សញ្ញា​មធ្យម​នៃ​ជំងឺ​កូវីដ ១៩ អាច​ចម្លង​ជំងឺនេះ​ដល់​មនុស្ស​ដទៃ​ក្នុង​រយៈពេល ១០ ថ្ងៃ ហើយ​អ្នក​ជំងឺ​ក្នុង​អាការៈ​បែបនេះ គួរ​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង​រយៈពេល​យ៉ាង​ហោច​ណាស់ ១០​ថ្ងៃ៕