លោក Trump ថា លោក​នឹង​ចូល​ខ្លួន​សារភាព​នៅ​ថ្ងៃព្រហស្បតិ៍​ក្នុង​រដ្ឋ Georgia ពី​បទ​ព្យាយាម​ផ្លាស់ប្តូរ​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០២០

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​វិទ្យាល័យ Windham ក្នុង​ទីក្រុង Windham រដ្ឋ New Hampshire កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

អតីត​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ Donald Trump​ និយាយ​ថា​ លោក​នឹង​ចូល​សារភាព​ជា​មួយ​អាជ្ញាធរក្នុង​រដ្ឋ ​Georgia​ នៅថ្ងៃព្រហស្បតិ៍ខាង​មុខ​នេះ​ ​ដើម្បី​ប្រឈម​ពី​បទ​ចោទ​ក្នុង​សំណុំរឿងដែល​ចោទ​ប្រកាន់​លោក​ថា​ បាន​ព្យាយាម​ដោយ​ខុសច្បាប់​ក្នុង​ការ​ផ្លាស់ប្តូរលទ្ធផល​បោះឆ្នោត​ដែល​លោក​ចាញ់​ក្នុង​ឆ្នាំ​២០២០​។

លោក Trump បាន​សរសេរសារបង្ហោះ​លើ​បណ្តាញ​សង្គម​របស់លោក​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​ «​តើ​អ្នក​ជឿ​ទេ?​ ខ្ញុំ​នឹង​ទៅ​ទីក្រុង​ Atlanta រដ្ឋ​ Georgia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដើម្បី​ឱ្យ​គេ​ចាប់ខ្លួន​»។ ការបង្ហោះ​សារ​ដូច​នេះ​របស់​លោក Trump កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពីឯកសារ​តុលាការ​និយាយ​ថា​ ប្រាក់​ធានានៅក្រៅឃុំរបស់លោកត្រូវ​បាន​កំណត់​ចំនួន​២សែន​ដុល្លារ​អាមេរិក។​

ការិយាល័យ​ស្នងការ​ប៉ូលិសស្រុក Fulton ក្នុង​ទីក្រុង Atlanta រដ្ឋ​ Georgia បាននិយាយ​នៅ​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ថា​ ​នៅ​ពេល​ដែល​លោក Trump​ ចូល​សារភាព​នោះ​ នឹង​មាន​ការ​បិទ​ផ្លូវ​នៅ​ជុំវិញ​តំបន់​ពន្ធនាគារដ៏​សំខាន់របស់ស្រុក​នេះ។​ ​

​យោង​តាម​ឯកសារ​តុលាការ​ លោក​ត្រូវត្រូវ​បាន​ហាម​ប្រាម មិន​ឱ្យបំភិតបំភ័យសហចុង​ចោទ​ សាក្សី​ ឬ​ជនរងគ្រោះ​នៅក្នុង​សំណុំរឿង​នេះ​ឡើយ​ ដែលក្នុង​នោះ​ក៏​រួម​មាន​ការ​ប្រើ​ប្រាស់នៅ​បណ្តាញសង្គម​ផង​ដែរ។​ នេះ​បើ​យោង​ទៅ​លើកិច្ចព្រមព្រៀងដាក់ប្រាក់ធានាមួយ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយរដ្ឋអាជ្ញា​ស្រុក Fulton​ លោកស្រី​ Fani Willis និង​ដោយក្រុម​មេធាវី​លោក Trump ​និង​ចៅក្រម​។​ ​ ​

លោក​ Trump ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ឥតឈប់ឈរ​ ដើម្បីធ្វើ​ការ​វាយប្រហារទៅ​លើ​បុគ្គល​មួយ​ចំនួនដែល​ពាក់ព័ន្ធ​នឹងបណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​រូប​លោក​ ស្របពេល​ដែល​លោកកំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​វិលមក​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក​សារជាថ្មី​ម្តង​ទៀត​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ​នេះ។

លោក​ Trump បានរិះគន់​ប្រឆាំង​រដ្ឋអាជ្ញា​ស្រុក​ Fulton លោកស្រី​ Willis​ ​តាំង​ពី​មុន​លោក​ត្រូវបាន​កោះហៅឱ្យ​ចូល​ខ្លួន​ម្ល៉េះ​ ​និង​នៅ​ក្នុង​សារ​បង្ហោះ​របស់​លោកលើ​បណ្តាញ​សង្គម​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ លោក​បាន​រិះគន់​អភិបាល​រដ្ឋ​ Georgia ​លោក​ Brian Kemp ​នៃគណបក្ស​សាធារណរដ្ឋ​ ដែល​បាន​បដិសេធកិច្ចប្រឹងប្រែង​របស់​លោក​ ដើម្បី​ផ្លាស់​ប្តូរ​លទ្ធផល​បោះឆ្នោតនោះ៕